មេដឹកនាំពិភពលោក បានជួបជុំគ្នា នៅថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នេះ សម្រាប់ថ្ងៃទី២ និងសម្រាប់កិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល នៅទីក្រុងប៉ារីស ស្តីពីបញ្ញាសិប្បនិម្មិត (AI) ខណៈដែលឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ដែលគាំទ្រ AI ប្រកបដោយនិរន្តរភាព នៅតែមានភាពមិនប្រាកដប្រជា។
រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតី លោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំង គឺស្ថិតក្នុងការប្រកួតប្រជែងផ្នែក AI ហើយអឺរ៉ុបចង់ធ្វើអាជីវកម្មនេះ អ្នកតំណាងនៃប្រទេសជិត ១០០ រួមទាំងប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក បានរៀបចំជួបប្រជុំគ្នា និងកំណត់ថា តើផលប្រយោជន៍ជាតិដែលកំពុងមានការប្រកួតប្រជែងគ្នានេះ អាចដោះស្រាយបានដែរ ឬទេ។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance កំពុងដឹកនាំគណៈប្រតិភូអាមេរិក សម្រាប់កិច្ចប្រជុំនេះ។
លោក Macron បានគូសបញ្ជាក់ពីភាពខុសគ្នាមួយ កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ។ លោកបាននិយាយថា ពេលនិយាយអំពីអគ្គិសនី ប្រទេសបារាំង នឹងមិនប្រកាន់យកវិធីសាស្រ្ត «ខួងយកឧស្ម័ន» ដូចជាគោលនយោបាយផលិតកម្មប្រេងរបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែជំនួសមកវិញដោយថាមពលស្អាត ដើម្បីឲ្យក្រុមហ៊ុននានា អាច «ទាញយកថាមពលស្អាត» ដើម្បីបំពេញតម្រូវការថាមពលដ៏ខ្លាំងក្លារបស់ឧស្សាហកម្ម AI។
តែទោះយ៉ាងណាក្ដី ប្រធានបទមួយនៃភាពស្របគ្នាផ្នែកនយោបាយ គឺថា ឆ្នាំ២០២៥ មិនមែនជាឆ្នាំបង្កើតច្បាប់គ្រប់គ្រង AI ជាថ្មីទេ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលគោលនយោបាយការពារ AI របស់អ្នកកាន់តំណែងមុន គឺលោក Joe Biden ហើយអឺរ៉ុប ក៏បានដឹងផងដែរ៕