រថយន្តដឹកជំនួយ និងប្រេង បន្តធ្វើដំណើរឆ្លងកាត់ច្រកព្រំដែន Rafah ស្ថិតនៅតំបន់ភាគខាងត្បូងហ្កាហ្សាស្រ្ទីបនាថ្ងៃអង្គារនេះ រយៈពេល ១ថ្ងៃ ក្រោយក្រុមហាម៉ាស់ និយាយថា ពួកគេនឹងបញ្ឈប់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល រហូតដល់មានការជូនដំណឹងបន្ថែមទៀត ។
ក្រុមហាម៉ាស់ គ្រោងនឹងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលបន្ថែមទៀតនៅថ្ងៃសៅរ៍ខាងមុខនេះ ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនដែលស្ថិតនៅក្នុងមន្ទីរឃុំឃាំងអ៊ីស្រាអែល ដូចអ្វីដែលបានកើតឡើងក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ប៉ុន្តែកាលពីថ្ងៃចន្ទម្សិលមិញ ក្រុមជីវពលមួយនេះ និយាយថា ពួកគេនឹងផ្អាកការដោះលែងចំណាប់ថ្នូរដោយសារអ្វីដែលពួកគេនិយាយគឺជាការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់របស់អ៊ីស្រាអែល រួមទាំងការពន្យាពេលរបស់អ៊ីស្រាអែលក្នុងការអនុញ្ញាតឲ្យជនប៉ាឡេស្ទីនវិលត្រឡប់ទៅកាន់តំបន់ភាគខាងជើងហ្កាហ្សាវិញ ។

ក្រុមហាម៉ាស់ និយាយថា ពួកគេបានធ្វើសេចក្តីប្រកាសរយៈពេល ៥ថ្ងៃមុនការដោះលែងចំណាប់ថ្នូរតាមកាលកំណត់នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីឲ្យក្រុមអ្នកសម្របសម្រួល អាចដាក់សំពាធអ៊ីស្រាអែលឲ្យពួកគេរក្សាកាតព្វកិច្ចបទឈប់បាញ់របស់ខ្លួន និងបន្តបើកទ្វារសម្រាប់ការដោះលែងកើតឡើងទាន់ពេលវេលា ។
ក្រោយការប្រកាសពុំបានរំពឹងទុករបស់ក្រុមហាម៉ាស់ ក្រុមគ្រួសារចំណាប់ថ្នូរ និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានជួបជុំគ្នានៅទីក្រុងតែល អាវីវ ដែលបច្ចុប្បន្នគេស្គាល់ថាជាទីលានចតុរង្គចំណាប់ថ្នូរ កាលពីយប់ថ្ងៃចន្ទម្សិលមិញ ដើម្បីដាក់សំពាធរដ្ឋាភិបាលអ៊ីស្រាអែល មិនត្រូវបោះបង់ចោលកិច្ចព្រមព្រៀងជាដាច់ខាត ។
ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្នើសុំឲ្យលុបចោលបទឈប់បាញ់ បើសិនជាក្រុមហាម៉ាស់ ពុំព្រមដោះលែងចំណាប់ថ្នូរនៅសេសសល់ទាំងអស់ដែលពួកគេបានចាប់យកទៅកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅចុងសប្តាហ៍នេះទេនោះ ៕

