ពលរដ្ឋនៅតាមបណ្តាប្រទេសអាហ្វ្រិក នាំគ្នាតម្រង់ជួរ ដើម្បីជួបសម្ភាសន៍ជាមួយក្រុមហ៊ុនជ្រើសរើសពលករទៅក្រៅប្រទេស នៅតាមសាលារៀនស្ថិតក្នុងទីរួមខេត្ត និងសាលសន្និបាត នៅតាមទីក្រុងធំៗ ដោយពួកគេមួយចំនួនមានកាន់សញ្ញាប័ត្របញ្ចប់ការសិក្សា ហើយអ្នកខ្លះទៀតទើបរៀនចប់ត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ ។
ពលរដ្ឋម្នាក់ៗ សង្ឃឹមថានឹងទទួលបានការងារមួយក្នុងចំណោមការងារ ១លានការងារដែលរដ្ឋាភិបាលកេនយ៉ាចង់ផ្តល់ជូន នៅក្នុងបណ្តើមគំនិតការងារដ៏មានមហិច្ឆិតាបំផុតពុំធ្លាប់មានរបស់ពួកគេ ។
ប៉ុន្តែការងារទាំងនោះ មិនមែនស្ថិតនៅក្នុងប្រទេសកេនយ៉ានោះទេ វាស្ថិតនៅតាមបណ្តាប្រទេសអ្នកមាននៅអឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀតលើពិភពលោក ជាទីដែលក្រុមមន្រ្តីសង្ឃឺមថា ពលករកេនយ៉ាក្មេងៗ អាចទទួលបានជំនាញ និងប្រាក់ចំណូលខ្ពស់ ដើម្បីជួយជំរុញដល់សេដ្ឋកិច្ចក្នុងស្រុក ។
លោក Agatha Wayua គឺជាអ្នកស្វែងរការងារធ្វើមួយរូប និយាយថា លោកបានស្វែងរកការងារធ្វើអស់រយៈពេល ២០ឆ្នាំមកហើយ ទោះជាការងាររវល់បែបណាក៏ដោយ កុំឲ្យតែលក់បន្លែបានហើយ ។
លោកបន្តថា លោកបានដាក់ពាក្យធ្វើការងារសន្តិសុខនៅប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះហើយលោកត្រូវបានគេផ្តល់ឱកាសកាងារមួយនេះនៅទីនោះ ។ លោកពិតជាត្រេកអរ និងមានការដឹងគុណជាខ្លាំង ។
សូមបញ្ជាក់ថា ការបញ្ជូលពលករទៅក្រៅប្រទេស បានក្លាយជាយុទ្ធសាស្រ្តអភិវឌ្ឍស្នូលរបស់បណ្តាលប្រទេសមួយចំនួននៅអាស៊ី ដូចជានៅហ្វីលីពីន និងបង់ក្លាដែសជាដើម អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែវិធីសាស្រ្តបែបនេះ ពុំត្រូវបានឱបក្រសោបទូលំទូលាយនោះទេនៅអនុតំបន់សាហារ៉ាអហ្វ្រិក ជាទីដែលប្រទេសមួយចំនួនដូចជាកេនយ៉ា ត្រូវបានចោទប្រកាន់ដោយពលរដ្ឋខកចិត្តថា បានគេចវេសពីទំនួលខុសត្រូវ បង្កើតការងារក្នុងស្រុក ។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗបានចាប់ផ្តើមផ្លាស់ប្តូរហើយ ។ ស្របពេលដែលប្រទេសអ្នកមានជាច្រើននៅជុំវិញពិភពលោក ស្វែងរកពលករ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេរីកចម្រើន ប្រទេសមួយចំនួននៅអាហ្វ្រិកដែលគ្មានការងារធ្វើគ្រប់គ្រាន់សម្រាប់កំណើនពលរដ្ឋយ៉ាងឆាប់រហ័សរបស់ពួកគេនោះ ចាប់ផ្តើមបញ្ជូនពលរដ្ឋរបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេស ៕