អ្នកជំនាញសិទ្ធិមនុស្សមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា សំណើរបស់លោក Donald Trump ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងតំបន់ហ្កាហ្សា និងបង្ខំឲ្យជម្លៀសខ្លួនជនប៉ាឡេស្ទីន នឹងក្លាយជាឧក្រិដ្ឋកម្មសង្រ្គាមដ៏ឃោឃៅមួយ បើសិនជាសំណើមួយនេះ ត្រូវបានអនុវត្តពិតប្រាកដមែននោះ ។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃសៅរ៍ថា ជនប៉ាឡេស្ទីនគ្មានសិទ្ធិវិលត្រឡប់ទៅកាន់តំបន់ហ្កាហ្សាស្រ្ទីបវិញឡើយ ក្រោមសំណើរបស់លោក ដើម្បីអភិវឌ្ឍដែនដីបិទច្រកមួយនេះឡើងវិញ ដែលវាផ្ទុយស្រឡះពីក្រុមមន្រ្តីផ្ទាល់ខ្លួនរបស់លោកដែលបានលើកឡើងថា ពលរដ្ឋហ្កាហ្សា នឹងត្រូវបំផ្លាស់ទីបណ្តោះអាសន្នប៉ុណ្ណោះ ។
លោក Kenneth Roth ដែលដឹកនាំក្រុមឃ្លាំមើលសិទ្ធិមនុស្សអស់រយៈពេលជិត ១ទសវត្សរ៍មកហើយនោះ និយាយថា ការបង្ខំជនប៉ាឡេស្ទីនឲ្យចាកចេញពីតំបន់ហ្កាហ្សាជាអចិន្រ្តៃយ៍ គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយបានបំពានទាំងស្រុងលើអនុសញ្ញាទីក្រុងហ្សឺណែវទី ៤ ដែលសហរដ្ឋអាមេរិក បានចុះហត្ថលេខា ។
លោក Roth ដែលជាសាស្រ្តាចារ្យជាប់កិច្ចសន្យារយៈពេលខ្លីនៅមហាវិទ្យាល័យ Princeton និយាយថា នេះនឹងក្លាយជាការបោសស្អាតជាតិសាសន៍ ។
លោកថា សំណើរបស់លោក Trump គឺជាផ្នត់គំនិតមួយដែលគាំទ្រជាយូរមកហើយដោយពួកស្តាំនិយមនៅក្នុងប្រទេសអ៊ីស្រាអែល ។
នៅក្នុងការប្រកាសដ៏គួរភ្ញាក់ផ្អើលមួយនៅថ្ងៃទី ៤ ខែកុម្ភៈ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Trump បានស្នើសុំឲ្យផ្តល់កន្លែងស្នាក់នៅថ្មីដល់ជនប៉ាឡេស្ទីនជាង ២,២លាននាក់នៅតំបន់ហ្កាហ្សា ហើយសហរដ្ឋអាមេរិកនឹងគ្រប់គ្រងដែនដីបិទច្រកនៅតាមតំបន់មាត់សមុទ្រមួយនេះ រួចអភិវឌ្ឍទីនេះក្លាយទៅជា “តំបន់ឆ្នេរមជ្ឈិមបូព៌ា” ។
ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សា បានធ្វើការបដិសេធន៍ចោលទាំងស្រុងការលើកឡើងណាមួយនៃការជម្លៀសពួកគេចេញពីតំបន់ហ្កាហ្សា ក៏ដូចជាអាជ្ញាធរប៉ាឡេស្ទីន និងក្រុមជីវពលហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ៕