អង្គការអន្តោប្រវេសន៍អន្តរជាតិ(IOM) បាននិយាយថា សាកសពមួយចំនួនរបស់ជនអន្តោប្រវេសន៍ដែលរកឃើញក្នុងផ្នូរធំៗចំនួន ២នៅប្រទេសលីបង់ ឃើញមានរបួសត្រូវគ្រាប់កាំភ្លើង ហើយនៅក្នុងផ្នូរមួយត្រូវបានគេគិតថា មានសាកសពជនអន្តោប្រវេសន៍រហូតដល់ ៧០នាក់ ។
ការិយាល័យអគ្គមេធាវីលីប៊ីនិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ក្រុមអាជ្ញាធរសន្តិសុខលីប៊ី បានរកឃើញរួចទៅហើយសាកសពមនុស្សយ៉ាងហោច ២៨នាក់ ពីផ្នូរធំបំផុតក្នុងចំណោមផ្នូរទាំង ២ ស្ថិតនៅលើវាលខ្សាច់ភាគអាគ្នេយ៍ប្រទេសលីប៊ី ។
លោក Franz Prutsch គឺជាអ្នកសម្របសម្រួលជាន់ខ្ពស់កម្មវិធីសម្រាប់អភិបាលកិច្ចព្រំដែន និងអន្តោប្រវេសន៍នៅ IOM បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពីទីក្រុង Tripoli ថា សាកសពមនុស្ស ១៩នាក់ ត្រូវបានរកឃើញនៅក្នុងទីក្រុងវាលខ្សាច់ Jikharra ស្ថិតនៅចម្ងាយប្រហែល ៤០០គ.មភាគខាងត្បូងទីក្រុង Benghazi បង្ហាញពីសញ្ញានៃការរងរបួស រួមទាំងរបួសវាយដុំ និងរបួសត្រូវគ្រាប់កាំភ្លើង ។
យោងតាមសេចក្តីរាយការណ៍ពីជនអន្តោប្រវេសន៍ដែលបានចែករំលែកជាមួយក្រុមអាជ្ញាធរនៅប្រទេសលីប៊ី បានឲ្យដឹងថា ផ្នូរដ៏ធំមួយទៀត ត្រូវបានគេរកឃើញនៅវាលខ្សាច់ al-Kufra នៅតំបន់ភាគអាគ្នេយ៍ មានសាកសពចន្លោះ ៣០-៧០នាក់ ។
ទោះបីជាយ៉ាងណាក៏ដោយ IOM ពុំអាចផ្តល់រឿងរ៉ាវលម្អិតថាតើសាកសពទាំងនេះ បានស្ថិតនៅក្នុងផ្នូរអស់រយៈពេលយូរប៉ុន្មាននោះទេ ប៉ុន្តែពួកគេសន្និដ្ឋានថា សាកសពទាំងនេះ មានរយៈពេលមិនយូរប៉ុន្មាននោះទេ ។
កាលពីខែមីនាកន្លងទៅ សាកសពជនអន្តោប្រវេសន៍ ៦៥នាក់ ត្រូវបានរកឃើញនៅក្នុងផ្នូរដ៏ធំមួយ ស្ថិតនៅតំបន់ភាគនិរតីប្រទេសលីប៊ី ។
សូមបញ្ជាក់ថា ប្រទេសលីប៊ី បានក្លាយជាផ្លូវឆ្លងកាត់ដ៏សំខាន់មួយ សម្រាប់ជនអន្តោប្រវេសន៍ដែលរត់ភៀសខ្លួនចេញពីជម្លោះ និងភាពក្រីក្រ ទៅកាន់អឺរ៉ុប ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ៕