ប្រធានាធិបតីថ្មីរបស់ប្រទេសស៊ីរី គឺលោក Ahmed al-Sharaa បានលើកឡើងនៅក្នុងសុន្ទរកថាដែលចាក់ផ្សាយកាលពីថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) ថា លោកជឿថា ផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការតាំងទីលំនៅថ្មីឲ្យពលរដ្ឋប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្កាហ្សា និងកាន់កាប់ដែនដីនេះ «គឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលនឹងត្រូវបរាជ័យនៅទីបំផុត»។
គួររំលឹកថា លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ហើយអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់តំបន់នេះ បន្ទាប់ពីប៉ាឡេស្ទីនត្រូវបានតាំងទីលំនៅថ្មី នៅកន្លែងផ្សេង។ លោកបានប្រាប់ថា ប្រជាជនប៉ាឡេស្ទីន នឹងមិនមានសិទ្ធិវិលត្រលប់ទៅតំបន់ហ្កាហ្សាវិញឡើយ នៅក្រោមសំណើរបស់លោកនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីផតឃែស្ថរបស់ចក្រភពអង់គ្លេស លោក Sharaa ជាអ្នកកាន់សាសនាឥស្លាមដែលក្រុមសកម្មប្រយុទ្ធ Hayat Tahrir al-Sham របស់លោក ធ្លាប់ជាមែកធាងរបស់ក្រុមអាល់កៃដា បាននិយាយថា សំណើរបស់លោក Trump នឹងមិនទទួលបានជោគជ័យឡើយ។
លោកបានប្រាប់ថា៖ «ខ្ញុំជឿថា គ្មានអំណាចណាមួយអាចរុញឲ្យប្រជាជនចាកចេញពីទឹកដីរបស់ពួកគេបានឡើយ។ ប្រទេសជាច្រើនបានព្យាយាមធ្វើបែបនេះ ហើយចុងក្រោយពួកគេបានបរាជ័យទាំងអស់ ជាពិសេស អំឡុងសង្រ្គាមថ្មីៗ នៅតំបន់ហ្កាហ្សា រយៈពេល ១ឆ្នាំកន្លះកន្លងមកនេះ»។
លោក Sharaa បានសង្កត់ធ្ងន់ថា វានឹងមិនមានទាំង «គតិបណ្ឌិត ឬសីលធម៌ ឬភាពត្រឹមត្រូវខាងនយោបាយនោះឡើយ» សម្រាប់លោក Trump ក្នុងការដឹកនាំកិច្ចប្រឹងប្រែង ដើម្បីបង្ខំឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីទឹកដីរបស់ពួកគេ។
គួរបញ្ជាក់ថា អេហ្ស៊ីប ហ្ស៊កដានី និងប្រទេសអារ៉ាប់ផ្សេងទៀត បានប្រឆាំងយ៉ាងខ្លាំងក្លានូវរាល់ការប៉ុនប៉ងរុញឲ្យពលរដ្ឋប៉ាឡេស្ទីនចេញពីដែនដីរបស់ខ្លួនចូលទៅប្រទេសជិតខាង៕