មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នេះ បានប្រាប់សារព័ត៌មាន AFP ថា កូរ៉េខាងជើងបានផ្តល់ឲ្យរុស្ស៊ីនូវកាំភ្លើងធំរយៈចម្ងាយឆ្ងាយចំនួន ២០០ដើម ខណៈដែលទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ពង្រឹងទំនាក់ទំនងយោធារបស់ពួកគេ។
មន្ត្រីកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងបានផ្តល់ឲ្យទីក្រុងមូស្គូនូវ «កងទ័ពប្រហែល ១១.០០០នាក់ មីស៊ីល កាំភ្លើងធំរយៈចម្ងាយឆ្ងាយ ២០០ដើម និងគ្រាប់រំសេវជាច្រើនទៀត»។
ជាមួយគ្នានេះដែរ មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ បានបន្ថែមថា កូរ៉េខាងជើងអាច «ផ្គត់ផ្គង់កងទ័ព អាវុធ និងគ្រាប់រំសេវបន្ថែមទៀត»។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល គីវ និងវ៉ាស៊ីនតោន សុទ្ធតែបានលើកឡើងថា កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០២៤ ដើម្បីជួយដល់វិមានក្រឹមឡាំង ក្នុងសង្គ្រាមរបស់ខ្លួនទល់នឹងអ៊ុយក្រែន។
លើសពីនោះទៀត អ៊ុយក្រែនបានប្រាប់នៅមុននេះថា ខ្លួនបានចាប់បាន ឬសម្លាប់ទាហានកូរ៉េខាងជើងជាច្រើននាក់ នៅតំបន់ Kursk។ ប្រធានាធិបតី លោក Volodymyr Zelensky ក៏បានផ្សព្វផ្សាយវីដេអូនៃការសួរចម្លើយ ជាអ្វីដែលលោកបាននិយាយថា អ្នកទោសកូរ៉េខាងជើងដែលត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ុយក្រែន នៅសមរភូមិមុខ ក្នុងតំបន់ Kursk។ តែយ៉ាងណាក្ដី ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង មិនបានបញ្ជាក់ពីការដាក់ពង្រាយនេះទេ៕