ភ្នំពេញ ៖ អភិបាលរាជធានីជំរុញឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ រក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងពង្រឹងឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកបុណ្យអ៊ុទូកឆ្នាំនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធាន៣កុំ និង៣ការពារ
របស់សម្ដេចតេជោហ៊ុន សែន ព្រោះថា នៅថ្ងៃទី១៨ខែវិច្ឆិកាខាងមុខនេះក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក សំពះព្រះខែនឹងឈានមកដល់។
ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេងផ្ទាល់ នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក សំពះព្រះខែនឹងឈានមកដល់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរពីបណ្ដាខេត្តមកលេងនៅរាជធានីភ្នំពេញ ពិសេសត្រូវបង្កើតឲ្យមានការប្រចាំការទាំងសមត្ថកិច្ច ទាំងអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធមួយចំនួន។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនិងនគរបាលប៉ុស្តិ៍រដ្ឋបាល គឺត្រូវមានកម្លាំងប្រចាំការដើម្បីទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋ។ បើមិនមានអ្នកប្រចាំការ ដើម្បីទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទេ រដ្ឋបាលរាជធានីភ្នំពេញមិនអាចទទួលយកបានទេ។
ទាក់ទិននិងជំងឺកូវីដ-១៩ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ស្ថានភាពបានធូរស្រាលមួយកម្រិតធំហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែបន្តការយកចិត្តទុកដាក់ឲ្យខ្លាំងក្លាដដែល ពោលគឺត្រូវបន្តការផ្សព្វផ្សាយ ការណែនាំឲ្យប្រជាពលរដ្ឋអនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន។ បន្ថែមពីលើនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យយកចិត្តទុកដាក់ទៅលើការផ្ដល់សេវា ការចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ ដោយគិតមកដល់ពេលនេះ កុមារមានអាយុ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងបង្កាcovid-19 បានចំនួនជាង៣ម៉ឺននាក់ហើយ ក្នុងចំណោមកុមារអាយុ៥ឆ្នាំដែលត្រូវទទួលការចាក់វ៉ាក់សាំងទាំងអស់ នៅក្នុងរាជធានីភ្នំពេញចំនួន ៤៩ ៨៤៣ នាក់។ ក្រៅពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់លើការជំរុញឲ្យប្រជាពរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញផងដែរ វ្រសិនបើប្រជាពលរដ្ឋដែលមិនអាចទទួលការចាក់វ៉ាក់សាំងបាន ដោយសារបញ្ហាពិការភាពជាដើមនោះ ក្រុមគ្រូពេទ្យត្រូវទៅចាក់វ៉ាក់សាំងជូនពួកគាត់ដល់ផ្ទះតែម្តង។
ពាក់ព័ន្ធនឹងបញ្ហាសំរាម ក៏ជាបញ្ហាដែល ឯកឧត្ដម ឃួង ស្រេង បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះផងដែរ
ដើម្បីឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងស្អាតមានបរិស្ថានល្អ ។ បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវចុះល្បាតជាប្រចាំ ដើម្បីតាមដានរាល់សកម្មភាពការលួចបើកខារ៉ាអូខេ ក្លឹបកំសាន្ត និងរង្គសាល ហើយចំពោះទីតាំងដែលបានអនុញ្ញាត ដូចជាភោជនីយដ្ឋាន ទីតាំងអាហារដ្ឋានមួយចំនួន ក៏ត្រូវតែចុះពិនិត្យមើលផងដែរ ថាតើ ពួកគាត់បានអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលដែរឬទេ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា