មន្ត្រីម្នាក់ នៅថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានបញ្ជាឲ្យសិក្សាពីលទ្ធភាពនៃផលប៉ះពាល់លើការនាំចេញរបស់ថៃ ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ពីការព្រួយបារម្ភ ដែលថា អតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន អាចក្លាយជាបញ្ហា។
គួរបញ្ជាក់ថា បើយោងតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសថៃមានអតិរេកចំនួន ៣៥,៤ពាន់លានដុល្លារអាមេរិក ជាមួយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៤។ ក្រសួងបានលើកឡើងពីបញ្ហាប្រឈមចំពោះការកើនឡើងនូវការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយសារតែគោលនយោបាយពាណិជ្ជកម្មមិនច្បាស់លាស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ ក្នុងឆ្នាំ២០២៤ ដែលស្មើនឹង ១៨,៣ភាគរយនៃការនាំចេញសរុប ឬ ៥៤,៩៦ពាន់លានដុល្លារអាមេរិក។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Jirayu Houngsub បាននិយាយថា៖ «ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump សហរដ្ឋអាមេរិក នឹងមានគោលនយោបាយពាណិជ្ជកម្ម ដូចជាការដំឡើងពន្ធជាដើម ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញកសិកម្មរបស់ប្រទេសថៃ និងផលិតផលផ្សេងទៀត ដូចជាគ្រឿងអេឡិចត្រូនិកជាដើម»។
លោក Jirayu បាននិយាយថា ក្រុមការងារទទួលបន្ទុកពាណិជ្ជកម្មអាមេរិក ត្រូវបានបង្កើតឡើងក្នុងខែមករា ដើម្បីរៀបចំផែនការគោលនយោបាយពាណិជ្ជកម្មរបស់ថៃជាមួយសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា ក្រុមនេះនឹងសង្ខេបជាបន្ទាន់នូវគុណសម្បត្តិ និងគុណវិបត្តិ សម្រាប់ការចរចាពាណិជ្ជកម្ម និងការវិនិយោគ៕