យន្តហោះ ២គ្រឿងដឹកជនអន្តោប្រវេសន៍វេណេស៊ុយអេឡានិរទេសពីសហរដ្ឋអាមេរិកដែលជាជើងហោះហើរលើកដំបូង ចាប់តាំងពីកិច្ចព្រមព្រៀងកាលពីខែមករា រវាងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានចុះចតនៅអាកាសយានដ្ឋាន La Guaira របស់ប្រទេសវេណេស៊ុយអេឡា កាលពីយប់ថ្ងៃចន្ទ ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវេណេស៊ុយអេឡា និយាយថា ជើងហោះហើរគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៍វេណេស៊ុយអេឡា Conviasa គឺជាផ្នែកមួយនៃផែនការធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ដែលបានជម្លៀសខ្លួនចេញពីប្រទេសវេណេស៊ុយអេឡា ដោយសារទណ្ឌកម្មសេដ្ឋកិច្ច និងយុទ្ធនាការសង្រ្គាមចិត្តសាស្រ្តប្រឆាំងប្រទសរបស់ពួកយើង ។
សេចក្តីថ្លែងការណ៍បន្តថា មនុស្សមួយចំនួននៅលើជើងហោះហើរនេះ ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ជាមួយក្រុមជនអន្ធពាល Tren de Aragua ហើយត្រូវបានគេស៊ើបអង្កេតសម្រាប់ទំនាក់ទំនងឧក្រិដ្ឋកម្ម ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវេណេស៊ុយអេឡាលោក Diosdado Cabello និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន La Guaira ពេលដែលជនអន្តោប្រវេសន៍ចុះពីលើយន្តហោះថា ពួកគេស្រលាញ់វេណេស៊ុយអេឡា ពួកគេសប្បាយរីករាយ ហើយពួកគេនឹងនាំគ្នាទៅទទួលទាននំ Arepa ។
គួរឲ្យដឹងថា លោក Richard Grenell ដែលជាប្រេសិតពិសេសរបស់លោក Trumpបានជួបលោក Maduro នៅក្នុងទីក្រុង Caracas កាលពីថ្ងៃទី ៣១ ខែមករាកន្លងទៅ ជាទីដែលពួកគេទាំង ២នាក់ បានពិភាក្សាលើបញ្ហាអន្តោប្រវេសន៍ និងទណ្ឌកម្ម ស្ថិតនៅក្នុងចំណោមបញ្ហាជាច្រើនទៀត ៕