សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្ញើសារ អបអរសាទរ និងអនុមោទនា បុណ្យមាឃបូជា ខណៈបុណ្យនេះធ្វើឡើងដើម្បីប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ របស់ព្រះសម្មាសម្ពុទ្ធ ដោយក្នុងនោះក៏ចំថ្ងៃព្រះអង្គដាក់អាយុសង្ខាដែរនោះ។

តាមរយៈតេលេក្រាម និងហ្វេសបុកនាថ្ងៃពុធ ១៥កើត ខែមាឃ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាបុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖១-ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន ២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ និងទី៣-ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្រាប់ឆ្នាំនេះ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះតែម្ដង នៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។ សូមពុទ្ធសាសនិកទាំងឡាយ អញ្ជើញចូលរួមក្នុងពិធីបុណ្យ មាឃបូជានេះ ដោយសទ្ធាជ្រះថ្លាររៀងៗខ្លួន៕