
ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី មានព្រះរាជឱង្ការស្នើ ដល់អង្គការយូណេស្កូ ដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌចំនួនពីរទៀត ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញទៅទទួលបដិសណ្ឋារកិច្ចពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពញាកចក្រី ហេង សំរិន, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នជាច្រើនរូបទៀត។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្នុងឱកាសគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានឱ្យលោកស្រីអគ្គនាយិកា នៃអង្គការយូណេស្កូ ចូលថ្វាយបង្គំគាល់ សម្តែងការគួរសម។
ក្នុងកិច្ចសវនការនេះ ព្រះមហាក្សត្រ បានមានព្រះរាជឱង្ការចំពោះលោកស្រីអគ្គនាយិកាថា កម្ពុជា កំពុងដំណើរការឯកសារចំនួនពីរ ដើម្បីស្នើដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកែរ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
ព្រះករុណា បានមានព្រះរាជឱង្ការសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងចង់ចាំជានិច្ចចំពោះសេចក្តីខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួល ដើម្បីគាំពារ និងអភិវឌ្ឍន៍អង្គរ ហៅកាត់ថា ICC អង្គរ ដែលមានប្រទេសបារាំង និងប្រទេសជប៉ុន ជាសហប្រធាន ក្រោមការគាំទ្រយ៉ាងសកម្មពីអង្គការយូណេស្តូ ដោយមានការខិតខំប្រឹងប្រែង រួមសហប្រតិបត្តិការល្អពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួសជុលកែលំអ ប្រាង្គប្រាសាទ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាវប្បធម៌ជាតិខ្មែរ ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងការដាក់បញ្ចូលប្រាង្គប្រាសាទក្នុងតំបន់ប្រវត្តិសាស្ត្រអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២នោះមក។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះឱង្ការចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការយូណេស្កូនៅកម្ពុជា លើវិស័យវប្បធម៌ ដោយរាប់បញ្ចូលពីភាពជោគជ័យ នៃយន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) អង្គរ ដែលនឹងប្រារព្ធខួបលើកទី៣០ នៅឆ្នាំ២០២៣ ។
លោកស្រីអគ្គនាយិកា នៃអង្គការយូណេស្កូ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថែមទៀត ថ្វាយចំពោះព្រះរាជវត្តមានដ៏ឧត្តុងឧត្តមនៃព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ស្តេចយាងប្រោសព្រះរាជទាន ព្រះរាជសុន្ទរកថា ប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកកិច្ចប្រជុំ មហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួបគម្រប់៧៥ឆ្នាំ របស់អង្គការយូណេស្កូ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ដែលបានញាំងឲ្យមហាសន្និបាត និងពិធីបុណ្យខួបនេះ បានប្រព្រឹត្តទៅដោយជ័យមង្គល៕ អត្ថបទ៖ មុត សុទ្ធ