មន្រ្តីសេតវិមានបាននិយាយកាលពីថ្ងៃអង្គារ (១១ កុម្ភៈ) ថា លោកប្រធានាធិបតីអាមេរិក Donald Trump គ្រោងនឹងបញ្ជាឱ្យភ្នាក់ងារសហព័ន្ធក្រាលមូលដ្ឋានគ្រឹះសម្រាប់ការបណ្តេញបុគ្គលិករដ្ឋាភិបាល "ទ្រង់ទ្រាយធំ"។ មន្ត្រីបន្តថា បញ្ជានេះក៏នឹងដាក់ចេញនូវច្បាប់ដែលតម្រូវឱ្យភ្នាក់ងាររដ្ឋាភិបាលជួលបុគ្គលិកមិនឱ្យលើសពីម្នាក់ ជំនួសឱ្យរាល់បុគ្គលិក ៤នាក់ដែលចាកចេញពីកម្លាំងពលកម្មសហព័ន្ធ។

វិធានការនេះជាកិច្ចប្រឹងប្រែងចុងក្រោយរបស់លោក Trump និងប្រមុខទីប្រឹក្សារបស់ខ្លួនគឺលោកមហាសេដ្ឋី Elon Musk ក្នុងការកាត់បន្ថយទំហំ និងរៀបចំរដ្ឋាភិបាលអាមេរិកឡើងវិញឱ្យស្របតាមគោលនយោបាយអាទិភាំពរបស់លោក Trump។ គួរបញ្ជាក់ថា មានសំណើទ្រង់ទ្រាយធំមួយចំនួនរួចទៅហើយ ក្នុងការប៉ុនប៉ងដកការការពារសេវាស៊ីវិលពីកម្មករសហព័ន្ធ និងការបិទប្រកបដោយប្រសិទ្ធភាពនៃទីភ្នាក់ងារសហព័ន្ធមួយចំនួន។

បុគ្គលិករដ្ឋាភិបាលមួយចំនួនធំជាសមាជិកសហជីពការងារ ដែលមានន័យថា ការបញ្ឈប់ការងារ ឬការកាត់បន្ថយជាទ្រង់ទ្រាយធំណាមួយ ត្រូវតែធ្វើឡើងស្របតាមកិច្ចព្រមព្រៀងចរចារួមរបស់ពួកគេ។ និយោជិតនៃសេវាស៊ីវិលក៏ទទួលបានការការពារការងារក្រោមច្បាប់សហព័ន្ធផងដែរ។

មន្រ្តីសេតវិមានបន្ថែមថា ក្រឹត្យរបស់លោក Trump ដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងបង្ខំភ្នាក់ងាររដ្ឋាភិបាលឱ្យធ្វើការជាមួយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក Musk ដើម្បីកំណត់អត្តសញ្ញាណការកាត់បន្ថយជាធរមាន "ទ្រង់ទ្រាយធំ" និងកំណត់ថា តើសមាសធាតុភ្នាក់ងារណាមួយអាចត្រូវបានលុបចោលទាំងស្រុង៕