បណ្ដានាយកប្រតិបត្តិនៅទូទាំងឧស្សាហកម្មដែលពឹងផ្អែកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម កំពុងស្វះស្វែងទូទាត់ថ្លៃចំណាយ និងរៀបផែនការទប់ទល់នឹងការឡើងថ្លៃ រួមទាំងភាពចលាចលនានា ចំពោះវិធានការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដំឡើងពន្ធថ្មី ២៥% លើលោហៈសំខាន់ៗទាំងនោះ។

ក្រុមហ៊ុនជាច្រើនរាប់ចាប់ពីក្រុមហ៊ុនភេសជ្ជៈ Coca-Cola និងក្រុមហ៊ុនរថយន្ត Ford រហូតដល់ក្រុមហ៊ុនអាលុយមីញ៉ូមខ្នាតតូចជាច្រើន ក្រុមហ៊ុនអាកាសចរណ៍ និងឧបករណ៍ប្រើប្រាស់ រំពឹងថានឹងរងផលប៉ះពាល់ដោយការដំឡើងពន្ធរបស់លោក Trump នៅក្នុងអ្វីដែលនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley និយាយថាជាការបន្ថែម "ការចំណាយច្រើន និងភាពវឹកវរខ្លាំង" ដល់អាជីវកម្មអាមេរិក។ ពន្ធថ្មីដែលបានប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានរំពឹងថានឹងចូលជាធរមាននៅពាក់កណ្តាលខែមីនាខាងមុខ។

ប៉ុន្តែការគំរាមកំហែងជាញឹកញាប់របស់សេតវិមានដែលមានលក្ខណៈផ្សេងៗគ្នាមិនទៀតទាត់នេះ បានធ្វើឱ្យនាយកប្រតិបត្តិ វិនិយោគិន និងអ្នកប្រើប្រាស់មិនស្រួលចិត្ត ដោយបង្កភាពមិនច្បាស់ថា តើការសម្រុះសម្រួល ឬការលើកលែងពន្ធអាចអាចកើតមានឬទេ សម្រាប់ក្រុមហ៊ុនដែលអាចបញ្ចុះបញ្ចូលលោក Trump បាន។
អាជីវកម្មអាមេរិក បានព្រមានពីភាពចលាចលនៃការដំឡើងពន្ធ ដោយមានក្រុមហ៊ុនផលិតជាច្រើនជួបការលំបាកក្នុងការរៀបផែនការបន្ទាប់ ខណៈភាពមិនប្រាកដប្រជាកំពុងកើនឡើង។

នាយកប្រតិបត្តិកំពុងប្រើប្រាស់យុទ្ធសាស្ត្រមួយចំនួន រួមទាំងការផ្លាស់ប្តូរការនាំចូលចម្រុះរបស់ពួកគេ ឬក៏រុញការចំណាយទៅឱ្យអ្នកប្រើប្រាស់ទាំងស្រុង ដែលអាចនឹងបង្កើនតម្លៃទំនិញយ៉ាងគំហុក៕