អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១១ កុម្ភៈ) ថា លំហូរជំនួយទៅកាន់តំបន់ហ្កាហ្សា បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីខែមុនមក រួមទាំងរបស់របរដូចជាតង់ ដែលប្រឈមមុខនឹងការរឹតបន្តឹងរបស់អ៊ីស្រាអែល ខណៈការភ័យខ្លាចបានកើនឡើងខ្លាំងទៅលើថា ភាពស្ងប់ស្ងាត់ដ៏ផុយស្រួយនេះអាចនឹងមិនស្ថិតស្ថេរ។

យ៉ាងណាមិញ បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបស់អង្គការសហប្រជាជាតិនេះ សាក្សីនៅព្រំដែនអេហ្ស៊ីប-ហ្កាហ្សា បាននិយាយថា សម្ភារៈជំនួយមួយចំនួន ដូចជាសម្លៀកបំពាក់ គ្រឿងបរិក្ខារពេទ្យ និងភេសជ្ជៈកំពុងមានភាពយឺតយ៉ាវ និងជាប់គាំងនៅលើរថយន្តដឹកទំនិញ ដោយកំពុងរង់ចាំចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បន្ទាប់ពីការត្រួតពិនិត្យដោយមន្ត្រីអ៊ីស្រាអែល។

អ្នកបើកបររថយន្តដឹកទំនិញមួយចំនួននៅជិតច្រកព្រំដែន Rafah របស់ដែនដីហ្កាហ្សា ជាមួយអេហ្ស៊ីប បានបន្ថែមថា សម្ភារសំណង់ និងតង់ត្រូវរារាំងនៅទីនោះ ចាប់តាំងពីការចាប់ផ្តើមបទឈប់បាញ់មក។ ក្រុមហាម៉ាស កាលពីថ្ងៃចន្ទបានគំរាមមិនដោះលែងចំណាប់ថ្នូរទៀត រហូតដល់មានការជូនដំណឹងបន្ថែម ដោយចោទប្រកាន់អ៊ីស្រាអែល ថារំលោភលក្ខខណ្ឌបទឈប់បាញ់ ព្រោះតែការបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាច្រើន ក៏ដូចជាការផ្អាកជំនួយមួយចំនួនទៅកាន់តំបន់ហ្កាហ្សា។
អ៊ីស្រាអែល បដិសេធថាខ្លួនមិនបានរារាំងការផ្គត់ផ្គង់ជំនួយទេ ហើយនិយាយថាខ្លួនបាញ់ប្រហារទៅលើអ្នកដែលមិនគោរពការព្រមានមិនឱ្យចូលជិតទីតាំងទាហានអ៊ីស្រាអែលប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានគំរាមថាបទឈប់បាញ់នឹងបញ្ចប់ បើក្រុមហាម៉ាស មិនប្រគល់ចំណាប់ថ្នូរដែលឃុំខ្លួននៅហ្កាហ្សា ត្រឹមពាក់កណ្ដាលថ្ងៃសៅរ៍ចុងសប្ដាហ៍នេះទេនោះ៕