ការដំឡើងពន្ធ២៥% ត្រូវបានកំណត់លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ទាំងអស់ ទៅកាន់សហរដ្ឋអាមេរិក ដោយគ្មានការលើកលែងពីដៃគូពាណិជ្ជកម្មសំខាន់ៗរួមមានកាណាដា ម៉ិកស៊ិក ប្រេស៊ីល ក៏ដូចជាសហភាពអឺរ៉ុប។

វិធានការបន្ថែមពន្ធប្រកាសដោយលោកប្រធានាធិបតី Donald Trump ដែលរំពឹងថានឹងចូលជាធរមាននៅខែក្រោយ នឹងមានន័យថាអ្នកជំនួញអាមេរិកជាច្រើនដែលចង់នាំយកលោហធាតុចូលប្រទេសខ្លួន នឹងត្រូវចំណាយបន្ថែមទៀត។

យោងតាមវិទ្យាស្ថានផលិតអាហារនិងភេសជ្ជៈកំប៉ុង (CMI) ដែលជាក្រុមអាជីវកម្មតំណាងឱ្យក្រុមហ៊ុនផលិតគ្រឿងកំប៉ុង បានឱ្យដឹងថា ប្រហែល៧០% នៃដែកថែបដែលប្រើក្នុងសហរដ្ឋអាមេរិកសម្រាប់ការផលិតចំណីអាហារឬ ភេសជ្ជៈកំប៉ុង ត្រូវបាននាំចូលនាពេលបច្ចុប្បន្ននេះ បានមកពីប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហូឡង់ និងកាណាដា។

បន្ទាប់ពីលោក Trump បានបញ្ជាឱ្យដំឡើងពន្ធលើដែកថែបក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតអាហារកំប៉ុងជាច្រើនបានរួចពន្ធនាំចូលទាំងនោះជុំវិញការជំទាស់របស់ក្រុមហ៊ុនផលិតដែកថែប ដោយសារការផលិតមានកម្រិតនៃប្រភេទដែកថែបដែលប្រើដើម្បីធ្វើកំប៉ុងនៅសហរដ្ឋអាមេរិក។
វិទ្យាស្ថានផលិតអាហារនិងភេសជ្ជៈកំប៉ុង (CMI) បានព្រមានថា ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនផលិតដែកថែបបានកាត់បន្ថយផលិតកម្មបន្ថែមទៀត ដោយរុញឱ្យតម្លៃហក់ឡើងខ្ពស់ ។វិទ្យាស្ថាននេះបានផ្ញើលិខិតទៅរដ្ឋបាលលោក Trump កាលពីដើមខែនេះ ដែលចុះហត្ថលេខាដោយក្រុមហ៊ុនផលិតចំណីអាហារធំៗ រួមមាន General Mills, Del Monte និង Goya ។
លោក Robert Budway ប្រធាន CMI បាននិយាយថា ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនផលិតអាហារកំប៉ុង ដើម្បីនាំចូលដែកថែបដោយមិនគិតពន្ធ តម្លៃគ្រឿងទេសសម្រាប់អាហារកំប៉ុងដែលផលិតនៅសហរដ្ឋអាមេរិកទំនងជាឡើងថ្លៃ។
នៅពេលនិយាយពីអាលុយមីញ៉ូម ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដូចជា កូកា-កូឡា ក៏បានព្រមានដែរថា វិធានការនេះនឹងបន្ថែមការចំណាយ និងអាចនាំឱ្យតម្លៃកាន់តែខ្ពស់សម្រាប់អតិថិជន៕