យោធាប្រទេសចិន នៅថ្ងៃពុធ (១២ កុម្ភៈ) នេះ បានរិះគន់សហរដ្ឋអាមេរិក ថាបង្កើនហានិភ័យសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីនាវាកងទ័ពជើងទឹកអាមេរិកពីរគ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏រសើបក្នុងសប្តាហ៍នេះ ក្នុងបេសកកម្មបែបនេះជាលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមុនមក។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក ម្តងម្កាលអមដោយនាវីមកពីប្រទេសសម្ព័ន្ធមិត្ត បានឆ្លងកាត់ច្រកសមុទ្រប្រហែលមួយដងក្នុងមួយខែ។ ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះតៃវ៉ាន់ បាននិយាយថាផ្លូវទឹកយុទ្ធសាស្ត្រជាកម្មសិទ្ធិរបស់ខ្លួន។

កងទ័ពជើងទឹកអាមេរិក និយាយថា នាវាទាំងនោះ គឺជានាវាពិឃាតបំពាក់ដោយមីស៊ីលប្រព័ន្ធទូរបញ្ជាប្រភេទ Arleigh Burke-class ឈ្មោះថា USS Ralph Johnson និងនាវាស្ទាបស្ទង់ប្រភេទ Pathfinder-class ឈ្មោះថា USNS Bowditch ហើយបានធ្វើដំណើរឆ្លងកាត់ពីជើងទៅត្បូងនៅថ្ងៃទី ១០-១២ ខែកុម្ភៈ។

យោធាចិនបាននិយាយថា កងកម្លាំងចិនត្រូវបានបញ្ជូនទៅតាមដាននាវាទាំងនោះ ខណៈបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានរិះគន់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃពុធ (១២ កុម្ភៈ) នេះថា "សកម្មភាពរបស់សហរដ្ឋអាមេរិក បានបញ្ជូនសញ្ញាខុស និងបង្កើនហានិភ័យសន្តិសុខយ៉ាងខ្លាំង"៕