ប្រទេសបូលីវី ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ និងសម្លាប់មនុស្ស ២៤នាក់ ខណៈដែលរាប់រយនាក់គ្មានផ្ទះសម្បែង ដោយទីក្រុង La Paz គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ នៅក្នុងប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ទីប្រជុំជន Tipuani (ទីពួអានី) នៅភាគខាងជើងទីក្រុង La Paz បានជួបប្រទះទឹកទន្លេហូរហៀរពោរពាស បន្ទាប់ពីមានភ្លៀងធ្លាក់ ដោយបង្ខំអ្នកស្រុកឲ្យទៅជ្រកកោននៅក្នុងវិហារគ្រិស្តសាសនា។

ទីភ្នាក់ងារឧតុនិយមបូលីវី Senamhi បានចេញការជូនដំណឹងពណ៌ទឹកក្រូច ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២២ ខែកុម្ភៈ ដើម្បីព្រមានអំពីទឹកទន្លេឡើងកាន់តែខ្ពស់ ក្នុងនោះរួមទាំងទីក្រុង Tipuani ផងដែរ។
កាលពីថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) អនុរដ្ឋមន្ត្រីក្រសួងការពារជនស៊ីវិល លោក Juan Carlos Calvimontes បាននិយាយថា មនុស្ស ២៤ នាក់ បានបាត់បង់ជីវិត ម្នាក់កំពុងបាត់ខ្លួន ហើយតំបន់ចំនួន ៨ ក្នុងចំណោមតំបន់ចំនួន ៩ ត្រូវបានរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់។ លោករដ្ឋមន្ត្រីបានបន្ថែមថា ភ្លៀងនឹងបន្តធ្លាក់ពេញមួយខែនេះ ហើយអាចមានទៅដល់ដើមខែមីនា៕
