តម្លៃនៃលោហធាតុឧស្សាហកម្មនៅសហរដ្ឋអាមេរិក បានបន្តកើនឡើងកាលពីថ្ងៃអង្គារ (១១ កុម្ភៈ) ដោយឆ្លុះបញ្ចាំងពីឥទ្ធិពលនៃការដំឡើងពន្ធ ២៥% របស់លោកប្រធានាធិបតីអាមេរិក Donald Trump លើដែកថែប និងអាលុយមីញ៉ូម ប៉ុន្តែជាមួយគ្នានេះ ឧស្សាហកម្មនឹងពិបាកក្នុងការស្វែងរកប្រភពសម្ភារៈផលិតក្នុងស្រុកឱ្យបានគ្រប់គ្រាន់ផងដែរ។

ខណៈគោលដៅដែលបានចែងនៃពន្ធបន្ថែមថ្មីនេះគឺដើម្បីជួយអ្នកផលិតលោហៈរបស់សហរដ្ឋអាមេរិកដែលកំពុងជួបការលំបាកក៏ដោយ ប៉ុន្តែក្រុមហ៊ុននានាក៏នឹងត្រូវការពេលវេលាដើម្បីបើករោងចក្រដែលបិទទ្វារឡើងវិញ និងសាងសង់ថ្មី ដើម្បីជំនួសឱ្យការនាំចូលក្នុងបរិមាណដ៏ច្រើន ដែលនេះជាការដាក់បន្ទុកយ៉ាងធ្ងន់ដល់ផលិតកម្ម។

ក្នុងពេលជាមួយគ្នានេះ ពាណិជ្ជករកំពុងកំណត់តម្លៃលោហៈរបស់សហរដ្ឋអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីតម្លៃដែលក្រុមហ៊ុនផលិតរថយន្ត និងឧស្សាហកម្មផ្សេងទៀតនឹងត្រូវចំណាយ សម្រាប់លោហៈបរទេស នៅពេលវិធានការពន្ធចូលជាធរមាននៅថ្ងៃទី១២ ខែមីនា។

ផលប៉ះពាល់ដ៏ធំបំផុតនឹងកើតមានលើអាលុយមីញ៉ូម ដែលប្រើក្នុងការដឹកជញ្ជូន សំណង់ និងការវេចខ្ចប់ ដោយមានការនាំចូលសុទ្ធប្រហែល ៨២% នៃតម្រូវការរបស់សហរដ្ឋអាមេរិក នេះបើយោងតាមស្ថាប័នវិនិយោគអន្តរជាតិ Morgan Stanley៕