ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានថា ប្រសិនបើលោកប្រធានាធិបតីអាមេរិក Donald Trump ដកការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ៊ុយក្រែន នោះអឺរ៉ុបតែឯងនឹងមិនអាចបំពេញចន្លោះប្រហោងសន្តិសុខបានឡើយ ដែលជាការព្រមាននៅមុនដំណើរការទូតដ៏តានតឹងបំផុតរបស់លោកទៅកាន់កិច្ចប្រជុំសន្តិសុខទីក្រុង Munich នៅចុងសប្តាហ៍នេះ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី កាលពី ៣ឆ្នាំមុន។

ក្នុងអំឡុងពេលសម្ភាសន៍រយៈពេលមួយម៉ោងជាមួយសារព័ត៌មាន Guardian នៅទីក្រុងគីវ មេដឹកនាំអ៊ុយក្រែនរូបនេះលើកឡើងថា "ទីក្រុងគីវ មិនយល់ស្របទេថាអឺរ៉ុបអាចផ្តល់ការធានាសន្តិសុខដោយគ្មានវត្តមានអាមេរិក" ដោយបន្ថែមថា "ការធានាសុវត្ថិភាពដោយគ្មានអាមេរិក មិនមែនជាការធានាសុវត្ថិភាពពិតប្រាកដឡើយ"។

លោក Trump បាននិយាយថា លោកចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែអ្នកសង្ស័យបារម្ភថា កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអាមេរិក អាចពាក់ព័ន្ធនឹងការបង្ខំឱ្យអ៊ុយក្រែន ទទួលយកការទាមទារអតិបរមារបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។
លោក Zelenskyy បញ្ជាក់ថា លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចា ប៉ុន្តែចង់ឱ្យអ៊ុយក្រែនចរចាក្នុង "ទីតាំងរឹងមាំ" ហើយលើកឡើងថា លោកនឹងផ្តល់ឱ្យក្រុមហ៊ុនអាមេរិកនូវកិច្ចសន្យាសាងសង់ឡើងវិញ និងសម្បទានវិនិយោគដែលរកកម្រៃបានច្រើន ដើម្បីផ្គាប់ចិត្តលោក Trump៕