ពលរដ្ឋអ៊ីស្រាអែល ជាច្រើនបានប្រមូលផ្តុំគ្នាតវ៉ាយ៉ាងខឹងសម្បារនៅទីក្រុង Tel Aviv បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃអង្គារ (១១ កុម្ភៈ) ថា ប្រសិនបើក្រុមហាម៉ាស មិនដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទេនោះ កងទ័ពនឹងបន្តការវាយលុករបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។

បាតុករដើរតវ៉ាដោយកាន់ស្លាកដែលសរសេរថា "កុំបំផ្លាញកិច្ចព្រមព្រៀង" "បញ្ឈប់សង្រ្គាម" និង "នាំសាច់ញាតិយើងត្រឡប់មកវិញ" ខណៈអ្នកមួយចំនួននិយាយថា "ចំណាប់ថ្នូរកំពុងស្ថិតក្នុ្ងងសេចក្ដីស្លាប់ប្រាកដណាស់ បើសង្រ្គាមបន្តឡើងវិញ ហើយរដ្ឋាភិបាលត្រូវតែជួយសង្រ្គោះពួកគេឱ្យអស់ពីសមត្ថភាពដែលអាចធ្វើបាន"។

លោក Netanyahu បានគំរាមថា ប្រសិនបើចំណាប់ថ្នូរមិនត្រូវបានប្រគល់មកវិញតាមការគ្រោងទុកនៅវេលាថ្ងៃត្រង់នៅថ្ងៃសៅរ៍នេះទេ បទឈប់បាញ់ដ៏ផុយស្រួយនៅហ្កាហ្សានឹងបញ្ចប់ ហើយកងទ័ពអ៊ីស្រាអែល នឹងបន្តការវាយលុកនៅក្នុងតំបន់ប៉ាឡេស្ទីននេះ រហូតដល់ក្រុមហាម៉ាសត្រូវកម្ចាត់ចោល។

ភ្លាមៗនេះ គេមិនច្បាស់ទេថា តើលោក Netanyahu សំដៅលើការវិលត្រឡប់របស់ចំណាប់ថ្នូរដែលនឹងត្រូវដោះលែងនៅថ្ងៃសៅរ៍ ឬក៏អ្នកទាំងអស់ដែលនៅតែឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ក៏បានព្រមានថា ក្រុមហាម៉ាស គួរតែដោះលែងចំណាប់ថ្នូរទាំងអស់ត្រឹមពាក់កណ្តាលថ្ងៃសៅរ៍ បើមិនដូច្នេះទេលោកនឹងស្នើឱ្យលុបចោលបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស៕