ក្រុមចលនាប្រដាប់អាវុធហ៊ួទីរបស់ប្រទេសយេម៉ែនបានប្រកាសថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារអ៊ីស្រាអែល ប្រសិនបើបន្តបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់របស់ខ្លួនជាមួយក្រុម ហាម៉ាស ហើយបន្តការវាយលុកលើតំបន់ហ្កាហ្សាទៀត។

មេដឹកនាំក្រុមហ៊ួទីលោក Abdel-Malik al-Houthi បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃអង្គារសប្ដាហ៍ននេះថា ក្រុមនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើអន្តរាគមន៍យោធានៅពេលណាក៏បាន ក្នុងករណីមានការកើនឡើងប្រឆាំងដែនដីហ្កាហ្សា។

ក្រុមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងលិចប្រទេសយេម៉ែន រួមទាំងរដ្ឋធានីសាណា(Sanaa) បានបើកការវាយប្រហារពេញមួយសង្រ្គាមនៅហ្កាហ្សា ជាការបញ្ជាក់សាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ក្រុមនេះបានបើកការវាយប្រហារច្រើនជាង ១០០លើកលើនាវាពាណិជ្ជកម្ម និងយោធានៅសមុទ្រក្រហម ហើយបានបាញ់មីស៊ីល និងយានដ្រូនឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។
ក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ បាននិយាយថា ខ្លួនបានកាត់បន្ថយការវាយប្រហារ បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់សំដៅបញ្ចប់សង្រ្គាមកាលពីខែមុន៕