អ្នកបោះឆ្នោតអាល្លឺម៉ង់ដែលនឹងធ្វើដំណើរទៅបោះឆ្នោតក្នុងរយៈពេលតិចជាងពីរសប្តាហ៍ខាងមុខសុទ្ធតែមានក្ដីបារម្ភពីបញ្ហាសេដ្ឋកិច្ច និងការចំណាយខ្ពស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ នេះបើយោងតាមការស្ទង់មតិមួយ។

ក្រុមហ៊ុនធានារ៉ាប់រង R&Vរបស់អាល្លឺម៉ង់ បានស្ទង់មតិជនជាតិអាល្លឺម៉ង់ចំនួន១.០០០នាក់តាមអ៊ីនធឺណិតនៅចន្លោះថ្ងៃទី២៣ និង ២៥ ខែមករា។

៧០%នៃអ្នកឆ្លើយសំណួរបាននិយាយថាពួកគេព្រួយបារម្ភពីការកើនឡើងតម្លៃទំនិញលើទីផ្សារសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលកើនឡើងពី៥៧% នៅរដូវក្តៅ។៦៨% ផ្សេងទៀតបាននិយាយថាពួកគេខ្លាចការធ្លាក់ចុះសេដ្ឋកិច្ច។ នោះគឺកើនឡើងពី៤៨% ក្នុងការស្ទង់មតិកាលពីកន្លងទៅ។

ប៉ុន្តែខណៈការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងការស្ទង់មតិរបស់ក្រុមហ៊ុន R&V មនុស្សបានប្រាប់សារព័ត៌មាន Reuters នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា បញ្ហាអន្តោប្រវេសន៍កំពុងគ្របដណ្តប់លើរបៀបវារៈនេះ។
អ្នកឆ្លើយសំណួរម្នាក់និយាយថា សម្រាប់រូបគេ ក៏ដូចជាមនុស្សគ្រប់គ្នាតែងតែនិយាយពីបញ្ហាសេដ្ឋកិច្ច ប៉ុន្តែសេរីភាព លទ្ធិប្រជាធិបតេយ្យ និងអ្វីៗគ្រប់បែបយ៉ាងរួមទាំងគោលនយោបាយការធ្វើអន្តោប្រវេសន៍ក៏មានសារៈសំខាន់ខ្លាំងដែរ ។
ការកើនឡើងនៃការប្រកួតប្រជែងពីបរទេស ការចំណាយខ្ពស់លើថាមពល អត្រាការប្រាក់កើនឡើង និងទស្សនវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់ បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសអាល្លឺម៉ង់។សេដ្ឋកិច្ចបានធ្លាក់ចុះនៅឆ្នាំ ២០២៤ សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។
ការខ្វែងគំនិតគ្នាអំពីរបៀបជួយសង្រ្គោះនូវអ្វីដែលធ្លាប់ជាម៉ាស៊ីនសេដ្ឋកិច្ចរបស់អឺរ៉ុបបាននាំទៅដល់ការដួលរលំនៃសម្ព័ន្ធភាពត្រីភាគីរបស់អធិការបតីលោក Olaf Scholz កាលពីខែវិច្ឆិកាឆ្នាំមុន ហើយគ្រោងរៀបការបោះឆ្នោតនៅថ្ងៃទី ២៣ ខែកុម្ភៈខាងមុខ៕