ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃអង្គារ (១១ កុម្ភៈ) បានច្រានចោលឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទាមទារឱ្យដោះលែងចំណាប់ថ្នូរទាំងអស់ត្រឹមម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយបង្កភាពតានតឹងខ្លាំងលើបទឈប់បាញ់ដ៏ផុយស្រួយ។

លោក Trump កាលពីថ្ងៃចន្ទបានព្រមានថា លោកនឹងស្នើឱ្យលុបចោលកិច្ចព្រមព្រៀង ហើយក្រុមហាម៉ាសនឹងជួបផលវិបាក បន្ទាប់ពីចលនាប៉ាឡេស្ទីននេះនិយាយថាខ្លួននឹងពន្យារពេលការដោះលែងចំណាប់ថ្នូរបន្ថែមទៀតនៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីចោទអ៊ីស្រាអែល ថារំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា។

អ្នកនាំពាក្យក្រុមហាម៉ាស លោក Sami Abu Zuhri បានប្រាប់សារព័ត៌មានថា ការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាថាចំណាប់ថ្នូរត្រូវបានប្រគល់ឱ្យអ៊ីស្រាអែលវិញ ហើយភាសាគំរាមកំហែងមានតែបង្កបញ្ហាស្មុគស្មាញប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ១៦នាក់ ក្នុងចំណោមចំណាប់ថ្នូរ ៣៣នាក់ ដែលត្រូវប្រគល់ឱ្យក្នុងដំណាក់កាលដំបូងនាពេលបច្ចុប្បន្ន នៃបទឈប់បាញ់ ៣ដំណាក់កាល។ យ៉ាងណាមិញ ការដោះលែងលើកក្រោយដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ត្រូវបានក្រុមហាម៉ាស ពន្យារពេលដោយគ្មានកំណត់ រហូតដល់ការជូនដំណឹងបន្ថែម៕