អាជ្ញាធរបាននិយាយថា អ្នកកាន់សាសនាហិណ្ឌូជាង ១០លាននាក់ ដែលស្វះស្វែងរំដោះខ្លួនពីអំពើបាប បានសម្រុកចុះមុជទឹកស័ក្ដិសិទ្ធិនៅភាគខាងជើងប្រទេសឥណ្ឌា ក្នុងអំឡុងពេលរយៈពេល ៤ម៉ោងនៅថ្ងៃពុធ (១២ កុម្ភៈ) នេះ ខណៈមនុស្សរាប់លាននាក់បន្ថែមទៀតត្រៀមចូលរួមក្នុងថ្ងៃដ៏សំខាន់នៃបុណ្យសាសនា មហា កុម្ភ មេឡា (Maha Kumbh mela) ឬហៅថា បុណ្យឆ្នាំងទឹកអម្រិត (Great Pitcher Festival) ដ៏ធំ។

អាជ្ញាធរបានបង្កើនចំនួនមន្រ្តីនគរបាល ហើយដាក់រថយន្ត និងយានគិលានសង្គ្រោះបន្ទាន់នានានៅក្នុងទីក្រុង ប្រាយ៉ាករាជ (Prayagraj) ក្នុងរដ្ឋ ឧតា ប្រទេស (Uttar Pradesh) ក្នុងថ្ងៃដ៏វិសុទ្ធបំផុតមួយនៃពិធីបុណ្យសាសនាហិណ្ឌូ ដែលចាត់ទុកថាជាការជួបជុំមនុស្សជាតិដ៏ធំបំផុតរបស់ពិភពលោក។

ព្រះច័ន្ទពេញវង់នៅថ្ងៃពុធនេះ ដែលត្រូវបានគេស្គាល់ថា "មាឃបុណ្ណមី ឬមាឃពេញបូណ៌មី" ធ្វើឱ្យថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលបំផុតនៅក្នុងពិធីបុណ្យរយៈពេល ៦សប្តាហ៍ ដែលប្រារព្ធឡើងនៅត្រង់ចំណុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋទាំងបីរបស់ឥណ្ឌា។

សាសនិកហិណ្ឌូជឿថា ការមុជចូលទៅក្នុងទឹកត្រង់ចំណុចប្រសព្វដែលទន្លេគង្គារ ទន្លេយ៉ាមូណា និងទន្លេសារៈស្វាតី ជួបគ្នា នឹងលាងជម្រះអំពើបាប ប៉ុន្តែពួកគេចាត់ទុកព្រឹត្តិការណ៍នៅឆ្នាំនេះថាកាន់តែសំខាន់ថែមទៀត ព្រោះមានមហិទ្ធិរិទ្ធដ៏ស័ក្ដិសិទ្ធិដើម្បីរំដោះពួកគេពីជីវិតក្នុងវដ្ដៈ៕