បន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចុះឆែកឆេរ និងបង្ក្រាបទីតាំងចែកចាយឱសថបុរាណចិនមួយកន្លែង មានយីហោ ជីង ឡុង ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរកឃើញថ្នាំបុរាណចិន ថ្នាំវីតាមីនសេ និងឧបករណ៍តេស្តកូវីដ១៩ ជាច្រើនគ្មានច្បាប់អនុញ្ញាត និងគ្មានប្រភពច្បាប់លាស់ ។
ការត្រួតពិនិត្យដកហូតឧបករណ៍ និងឱសថខាងលើធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យឹម សំអុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រឆាំងផលិផលក្លែងក្លាយ និងមានការសម្របសម្រួលពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់អាជ្ញាធរ និងមន្ត្រីសុខាភិបាលខេត្តផងដែរ ។
បើយោងតាមប្រភពសមត្ថកិច្ចចុះបង្ក្រាប បានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ចាន់ គឹមឡេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ដោយការឆែកឆេរនេះ បានរកឃើញថ្នាំឈ្មោះ LIANHUA QINGWEN JIAONANG ចំនួន ១៣កេស ក្នុង១កេសមាន៤០០ប្រអប់, វីតាមីនស៊ី (VITAMIN C) ចំនួន ២កេស ស្មើនឹង៤០០ដប, ឧបករតេស្តកូវីដ-១៩ ចំនួន២កេស ស្មើនឹង ៦០០តេស្ត ។
លោកឧត្តមសេនីយ៍ត្រី យឹម សំអុន បានឱ្យដឹងថា ក្រោយការត្រួតពិនិត្យ និងរកឃើញថា ឱសថ និងបរិក្ខារពេទ្យទាំងនោះ គ្មានច្បាប់អនុញ្ញាត និងប្រភពច្បាស់លាស់ ខាងព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្ត បានសម្រេចធ្វើការឃាត់វត្ថុតាងជាបណ្តោះអាសន្ន ហើយតម្រូវឱ្យម្ចាស់ទីតាំងជាអ្នកមើលថែដោយខ្លួនឯង និងតម្រូវឱ្យបុគ្គលិកម្នាក់ និងអ្នកដឹកជញ្ជូនម្នាក់ ទៅបំភ្លឺលើករណីនេះ ។
គួរបញ្ជាក់ថា ម្ចាស់ហាង ជីងឡុង ខាងលើ ត្រូវបានគេស្គាល់ថា ជាអាជីវករជោគជ័យម្នាក់ ក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែចំពោះការរកឃើញពីភាពមិនប្រក្រតីនៃការនាំចូល និងចែកចាយឱសថ និងបរិក្ខារពេទ្យខាងលើ ត្រូវបានមហាជនដាក់ការសង្ស័យថា តើភាពជោគជ័យរបស់លោកបានមកពីភាពសុចរិតទៀងត្រង់ ឬបានមកដោយអំពើល្មើសច្បាប់ ? ហើយមហាជនក៏កំពុងរងចាំមើលលទ្ធផល នៃចំណាត់ការរបស់សមត្ថកិច្ចចំពោះករណីនេះផងដែរ ៕អត្ថបទ ៖ សារិទ្ធ





