ទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោនឌីស៊ី របស់សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមទីក្រុងជាច្រើន ដែលជំរុញឱ្យប្រជាជនគ្មានទីជម្រក ត្រៀមខ្លួនទប់ទល់អាកាសធាតុត្រជាក់ខ្លាំងកាលពីថ្ងៃអង្គារ (១១ កុម្ភៈ) ខណៈភាគឦសាន វាលទំនាបដ៏ធំល្វឹងល្វើយ និងតំបន់កណ្តាលភាគខាងលិចរបស់ខ្លួន ប្រឈមនឹងព្យុះព្រិលរដូវរងាដ៏ខ្លាំងក្លា ដែលធ្វើឱ្យមនុស្សរាប់សិបលាននាក់ស្ថិតនៅក្រោមការព្រមានពីបញ្ហាអាកាសធាតុ។

សេវាអាកាសធាតុជាតិបាននិយាយថា ព្រិលកម្រាស់ប្រហែល ៤អ៊ីញ បានធ្លាក់នៅក្នុងរដ្ឋធានីអាមេរិក គិតត្រឹមម៉ោង ៧យប់ថ្ងៃអង្គារ ហើយមនុស្សជាង ៩៩លាននាក់ បានស្ថិតនៅក្រោមការព្រមាន ឬការជូនដំណឹងពីគ្រោះថ្នាក់នៃអាកាសធាតុរដូវរងារដ៏ខ្លាំងក្លានេះនៅទូទាំងប្រទេស។

ព្យុះរដូវរងាចំនួនពីរបានបង្កឱ្យមានការជូនដំណឹង និងការព្រមានជាច្រើន ចាប់ពីទីក្រុង ឌែនវើ (Denver) និងភាគពាយ័ព្យនៃរដ្ឋតិចសាស់ (Texas) ចូលទៅក្នុងរដ្ឋ មីឈីហ្គែន (Michigan) និងចាប់ពីរដ្ឋ ថិននីស៊ី (Tennessee) រដ្ឋ វើជីនៀ (Virginia) និងតាមបណ្តោយភាគឦសាន រហូតដល់រដ្ឋ ម៉ាសាឈូស៊ែត (Massachusetts)។
ព្យុះដូចគ្នានេះ គ្រោងនឹងបង្អុរភ្លៀងធ្លាក់ខ្លាំងពាសពេញភាគខាងត្បូង និងភាគអាគ្នេយ៍ ដែលអាចបណ្តាលឱ្យមានទឹកជំនន់ក្នុងតំបន់មួយចំនួន។

អ្នកព្យាករនិយាយថា ភ្លៀងដ៏ត្រជាក់អាចកើតមាននៅក្នុងតំបន់ភ្នំ អាប៉ាឡាឆេន (Appalachian) ចាប់ពីភាគខាងជើងរដ្ឋ ណស ខារ៉ូឡាញណា (North Carolina) ទៅកាន់រដ្ឋ Virginia។
ទីក្រុងវ៉ាស៊ីនតោន ស្ថិតក្នុងគ្រាអាសន្នដោយសារព្រិលធ្លាក់ខ្លាំងនៅល្ងាចថ្ងៃអង្គារ ខណៈសាលារៀនត្រូវបិទទ្វារ និងបង្កការរំខានជាច្រើន។ ព្យុះព្រិលរដូវរងាកាន់តែច្រើនកំពុងត្រៀមវាយប្រហារក្នុងសប្តាហ៍នេះ ជាមួយនឹងការព្យាករថាមានព្យុះមួយទៀតនឹងវាយប្រហារតំបន់ដូចគ្នាជាច្រើន ពីថ្ងៃពុធ (១២ កុម្ភៈ) ដល់ថ្ងៃព្រហស្បតិ៍បន្ទាប់៕