កំពង់ឆ្នាំង៖ ដោយសារពន្យល់ណែនាំច្រើនលើកដល់អាជីវករ ពីហានិភ័យនៃការគ្មានផ្លូវចេញចូលជុំវិញផ្សារព្រៃខ្មែរ ហើយនៅតែមិនទទួលបាននូវលទ្ធផលនោះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរស្រុករលាប្អៀរ និងកម្លាំងនគរបាលសណ្តាប់ធ្នាប់ខេត្តកំពង់ឆ្នាំង បានរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជុំវិញផ្សារព្រៃខ្មែរ ដោយបានកាត់ចោលនូវតូបលៀនលយ កាត់សំយ៉ាបសង់គ្មានសណ្តាប់ធ្នាប់ និងវាយកំទេចខឿនដែលអាជីវករសង់ចូលផ្លូវសាធារណៈចោល ក្រោយពីអាជីវករទាំងនោះ បានយកផ្លូវសាធារណៈ មកធ្វើជាកន្លែងលក់ដូរយ៉ាងអានាធិបតេយ្យ សូម្បីតែម៉ូតូក៏ចេញចូលសឹងមិនរួច។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា៖ ក្រុមការងារអាជ្ញាធរស្រុករលាប្អៀរ និងកម្លាំងនគរបាលសណ្តាប់ធ្នាប់ខេត្តកំពង់ឆ្នាំង បានចុះនៅក្នុងពេលនេះ គឺក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់អោយបានល្អ និងមានរបៀបរៀបរយនៅតាមផ្លូវជុំវិញផ្សារព្រៃខ្មែរនេះតែម្តង។ អាជីវករបានយកផ្លូវសាធារណៈ ដែលជាផ្លូវរបស់រដ្ឋលក់តាមចិត្ត ហើយអ្នកមានតូបលក់ដូនៅក្នុងផ្សារមិនព្រមលក់នៅក្នុងផ្សារ គឺនាំគ្នាចេញមកលក់នៅក្រៅផ្សារអស់ដែរ ដែលមើលទៅអានាធិបតេយ្យណាស់។ កន្លងមកអាជ្ញាធរឃុំអញ្ចាញរូង ស្រុករលាប្អៀរ បានចេញថវិការឃុំរបស់ខ្លួនសាងសង់ផ្លូវបេតុងជុំវិញផ្សារ ដោយទុកផ្លូវទទឹង៥ម៉ែត្រ តែដោយសារអាជីវករប្រមាណ៥០% បាននាំគ្នាចេញពីផ្សារមកលក់ដូរលើផ្លូវបេតុងនេះអស់ ធ្វើអោយស្ទះផ្លូវតែម្តង។ នៅពេលមានគ្រោះអគ្គីភ័យកើតឡើង គឺឡានទឹកមិនអាចចេញចូលទៅពន្លត់បានឡើយ។
ក្នុងពេលចុះរៀបចំសណ្តាប់ធ្នាប់នោះ លោក សេង វិចិត្រ នៅតែព្យាយាមពន្យល់ណែនាំ ដល់អាជីវករអោយយល់ពីហានិភ័យនៃការកកស្ទះផ្លូវជុំវិញផ្សារព្រៃខ្មែរនេះ ពេលមានអគ្គីភ័យកើតឡើង តើឡានទឹកត្រូវចូលពន្លត់តាមណា និងអោយពួកគាត់ដកគម្លាតពីចំណុចលក់ទៅតាមទីតាំងដែលអាជ្ញាធរស្រុករលាប្អៀរ និងកម្លាំងនគរបាលសណ្តាប់ធ្នាប់បានបាញ់ថ្នាំចំណាំ ដោយមិនអោយលក់លើផ្លូវតទៅទៀតឡើយ។ អ្នកមិនគោរពតាម និងមានវិធានការរដ្ឋបាលបន្តទៀត ដោយអាជ្ញាធរស្រុកមិនទុកអោយអានាធិបតេយ្យបែបនេះឡើយ។
ការរៀបចំសណ្តាប់ធ្នាប់ផ្សារព្រៃខ្មែរ របស់កម្លាំងអាជ្ញាធរស្រុក និងកម្លាំងសណ្តាប់ធ្នាប់ គឺដូចវែកចក ព្រោះនៅពេលកម្លាំងចម្រុះចុះពេលណា អាជីវករទាំងនោះស្តាប់តែមួយភ្លែត ហើយលក់យ៉ាងអានាធិបតេយ្យដដែល ។ បញ្ហានេះ អាជីវករដែលលក់ដូរនៅក្នុងផ្សារ សំណូមពរដល់ក្រុមចម្រុះ ជួយចាត់វិធានការក្តៅផង កុំអោយមានការលក់ដូរយកផ្លូវជាតូបអោយសោះ ៕ កាំង ហុងវាស្នា