ប្រធានាធិបតីអេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលដែលពួកគេ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងតម្រូវការសម្រាប់ការកសាងឡើងវិញ នៅតំបន់ហ្កាហ្សា ដោយមិនចាំបាច់មានការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីប។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ភាគីទាំងពីរ បានសង្កត់ធ្ងន់លើ«តម្រូវការដ៏សំខាន់សម្រាប់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងដំណាក់កាលទាំងបីរបស់ខ្លួន ការដោះដូរចំណាប់ថ្នូរនិងអ្នកជាប់ឃុំ ក៏ដូចជាការទទួលបានជំនួយមនុស្សធម៌ជាបន្ទាន់ និងដោយគ្មានការរារាំង នៅក្នុងតំបន់ហ្កា ហ្សា»។
លោក ស៊ីស៊ី និងលោកស្រី Frederiksen ក៏បានគូសបញ្ជាក់ផងដែរ នូវ «ការចាំបាច់ក្នុងការចាប់ផ្តើមការកសាងហ្កាហ្សាឡើងវិញ ដើម្បីធ្វើឲ្យតំបន់អាចរស់នៅបាន ដោយមិនផ្លាស់ទីប្រជាជនប៉ាឡេស្ទីនរបស់ខ្លួន ទៅកាន់កន្លែងផ្សេង ក្នុងគោលបំណងការពារសិទ្ធិនិងសមត្ថភាព ចំពោះការរស់នៅលើដីរបស់ពួកគេ»។
កិច្ចពិភាក្សានោះ បានអះអាងសាជាថ្មីអំពីសារៈសំខាន់នៃការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ នៅតាមបណ្តោយព្រំដែនឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ដោយបាន បញ្ជាក់ថា នេះគឺជា«ការធានាតែមួយគត់សម្រាប់ការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព សេដ្ឋកិច្ច ដែលគេចង់បាន»។
ការអត្ថាធិប្បាយនេះ បានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានស្នើឲ្យមានការអភិវឌ្ឍឡើងវិញនូវតំបន់ហ្កាហ្សា និងការផ្លាស់ទីលំនៅប្រជាជនរបស់ខ្លួន ទៅកាន់ប្រទេសជិតខាង រួមទាំងអេហ្ស៊ីបផងដែរ។