មន្ត្រីអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៊ីលនាពេលព្រឹកព្រលឹមរបស់រុស្ស៊ី ទៅលើទីក្រុង គីវ បានសម្លាប់ជនស៊ីវិលម្នាក់ និង បីនាក់ រងសបួស និងបានបង្កឲ្យមានអគ្គិភ័យជាច្រើនកន្លែង នៅទូទាំងទីក្រុងនេះ ។
លោក Andriy Yermak នាយសេនាធិការរបស់លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky) បាននិយាយនៅក្នុងសារបង្ហោះ នៅលើកម្មវិធីផ្ញើសារ Telegram ថា៖«ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារដោយមីស៊ីល ទៅលើទីក្រុងគីវ និងតំបន់គីវ។ នេះគឺជារបៀបដែលលោក (វ្ល៉ាឌីមៀ) ពូទីន ចង់ឲ្យសង្រ្គាមនេះបញ្ចប់។
ទស្សនវិស័យសម្រាប់ការចរចាសន្តិភាពជាថ្មី ដើម្បីបញ្ចប់សង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមលើអ៊ុយក្រែន ជិតបីឆ្នាំមុន បានកើនឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងថា លោកបានទាក់ទងជាមួយទីក្រុងគីវ និងលោក ពូទីន។ លោក ហ្សេឡិនស្កី ក៏បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងគីវ នឹងធ្វើកិច្ចចរចាជាមួយមន្ត្រីអាមេរិក ក្នុងពេលឆាប់ៗនេះ។
អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយនៅលើបណ្តាញTelegram ថា យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងបីនាក់ទៀត រងរបួស ក្នុងនោះកុមារអាយុ ៩ឆ្នាំ ផងដែរ ដោយសារ ការវាយប្រហារនេះ ហើយសេវាសង្គ្រោះបន្ទាន់ ត្រូវបានហៅទៅកាន់សង្កាត់យ៉ាងហោចណាស់ចំនួន៤នៃរដ្ឋធានីអ៊ុយក្រែន។
រដ្ឋបាលយោធា បានអះអាងថា អគ្គិភ័យបានឆាបឆេះអគារលំនៅឋាន និងមិនមែនលំនៅឋាន មួយចំនួន។