រដ្ឋបាលរបស់លោក Donald Trump កំពុងរៀបចំត្ររៀមសម្រាប់លទ្ធភាពនៃការមានកិច្ចប្រជុំតួអង្គអារ៉ាប់ដ៏មានឥទ្ធិពល នៅសប្តាហ៍នេះ ខណៈដែលប្រធានាធិបតីអាមេរិក បន្តជំរុញយ៉ាងខ្លាំងក្លា ចំពោះផែនការរបស់លោក សម្រាប់អ្វីដែលលោកហៅថា «ភាពជាម្ចាស់កម្មសិទ្ធិ» របស់សហរដ្ឋអាមេរិក លើតំបន់ហ្កាហ្សា ដោយគំរាមកំហែងកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់ហ្ស៊កដានី និងអេហ្ស៊ីប ប្រសិនបើប្រទេសទាំង២ មិនយល់ស្របតាមទេនោះ។

កាលពីថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) ព្រះមហាក្សត្រហ្ស៊កដានី Abdullah បានយាងទៅជួបជាមួយលោក Trump នៅសេតវិមាន ដោយព្រះអង្គបានក្លាយជាមេដឹកនាំអារ៉ាប់ដំបូងគេដែលបានជួបជាមួយប្រធានាធិបតីថ្មីរបស់អាមេរិក ចាប់តាំងពីការឡើងកាន់តំណែងផ្លូវការ កាលពីខែមុន។ នៅពេលលោក Trump ស្វាគមន៍ព្រះអង្គនៅសេតវិមាន ប្រធានសារព័ត៌មាន ABC ប្រចាំសេតវិមាន លោកស្រី Mary Bruce បានសួរលោកប្រធានាធិបតីថា តើលោកមានទំនុកចិត្តថា លោកអាចធ្វើឲ្យព្រះអង្គម្ចាស់ Abdullah គាំទ្រផែនការរបស់លោក សម្រាប់ប្រជាជនប៉ាឡេស្ទីន ឬទេ លោក Trump បានចង្អុលទៅព្រះអង្គ ហើយនិយាយថា «ព្រះអង្គ គឺជាបុគ្គលល្អ»។
នៅពេលត្រូវបានសួរម្តងហើយម្តងទៀតថា តើលោកនឹងកាត់ផ្តាច់ជំនួយរបស់ហ្ស៊កដានី ដូចដែលលោកបានលើកឡើងកាលពីយប់ថ្ងៃចន្ទ ប្រសិនបើព្រះអង្គមិនយល់ព្រមទទួលយកពលរដ្ឋប៉ាឡេស្ទីន លោក Trump បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ ហ្ស៊កដានីបានធ្វើជាទីភ្នាក់ងារសង្គ្រោះមនុស្សធម៌ សម្រាប់ជនស៊ីវិល នៅតំបន់ហ្កាហ្សា ពេញមួយជម្លោះអ៊ីស្រាអែល-ហាម៉ាស និងជាកន្លែងទទួលជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់ ដែលបានចុះឈ្មោះរួចហើយ។
ប៉ុន្តែផែនការរបស់លោក Trump សម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញ បានអំពាវនាវឲ្យប្រទេសនេះ ព្រមទាំងអេហ្ស៊ីបផងដែរ ឲ្យទទួលយកពលរដ្ឋប៉ាឡេស្ទីនជិត ២លាននាក់បន្ថែមទៀត ដែលលោកនិយាយថា អាចត្រូវបាននាំចេញពីតំបន់ហ្កាហ្សា ដើម្បីឲ្យដែនដីដែលហែកហួរដោយសង្រ្គាមមួយនេះ អាចត្រូវបានប្រែក្លាយទៅជាអ្វីដែលលោកហៅថា «Riviera of the Middle East» (តំបន់មជ្ឈិមបូព៌ាដ៏ស៊ីវិល័យ) នៅក្រោមការឃ្លាំមើលរបស់លោក។ សំណើរបស់លោក Trump ដើម្បី «ធ្វើឲ្យស្អាត» ដល់តំបន់ហ្កាហ្សា បានបញ្ឆេះឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ពីបណ្ដាមេដឹកនាំមជ្ឈិមបូព៌ា ក្នុងនោះរួមទាំងពីព្រះអង្គម្ចាស់ Abdullah ផងដែរ៕


