សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) បានឲ្យដឹងថា អនុប្រធានាធិបតី លោក J.D. Vance និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានពិភាក្សាអំពីជំនួយរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសឥណ្ឌា ដើម្បីធ្វើពិពិធកម្មប្រភពថាមពលរបស់ប្រទេសនេះ តាមរយៈការវិនិយោគលើបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការបង្ហោះ នៅលើគណនីបណ្ដាញសង្គម X របស់នាយករដ្ឋមន្ត្រីឥណ្ឌា បានរៀបរាប់ថា៖ «មានការជួបជុំដ៏អស្ចារ្យជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance និងក្រុមគ្រួសាររបស់លោក។ យើងមាននូវការសន្ទនាដ៏អស្ចារ្យលើប្រធានបទជាច្រើន»។
ចំណែកលោកអនុប្រធានាធិបតី Vance បានរៀបរាប់វែងជាងបន្តិច ដោយសរសេរថា៖ «មេដឹកនាំទាំង២ រួមជាមួយនឹងស្ត្រីទី២ របស់សហរដ្ឋអាមេរិក លោកស្រី Usha Vance ផងដែរ បានទទួលទានកាហ្វេជាមួយគ្នាយ៉ាងរីករាយ ហើយបានពិភាក្សាអំពីប្រធានបទដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងនោះរួមទាំងរបៀបដែលសហរដ្ឋអាមេរិកអាចជួយឥណ្ឌាធ្វើពិពិធកម្មប្រភពថាមពល តាមរយៈការវិនិយោគលើបច្ចេកវិទ្យានុយក្លេអ៊ែរស្អាត និងគួរឲ្យទុកចិត្តរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកំពុងធ្វើដំណើរទៅក្រុងវ៉ាស៊ីនតោន ឌីស៊ី បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស។ រូបលោកត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៅល្ងាចថ្ងៃពុធ (ទី១២ ខែកុម្ភៈ) នេះ ហើយនឹងជួបពិភាក្សាផ្ទាល់ជាលើកដំបូងជាមួយប្រធានាធិបតី លោក Donald Trump សម្រាប់អាណត្តិទី២ នេះ៕