អឺរ៉ុប៖ កាលពីថ្ងៃចន្ទសហភាពអឺរ៉ុបបានយល់ព្រមពង្រីកការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសបេឡារុស ខណៈដែលវិបត្តិជនអន្តោប្រវេសន៍កាន់តែជ្រៅនៅតាមព្រំដែនរបស់ខ្លួនជាមួយប៉ូឡូញ។ មនុស្សរាប់ពាន់នាក់នៅតែជាប់គាំងនៅក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ នៅតាមភាគីទាំងពីរនៃព្រំដែនបេឡារុស-ប៉ូឡូញ ដែលត្រូវបានរារាំងមិនឱ្យចូលទៅក្នុងសហភាពអឺរ៉ុបតាមរយៈប្រទេសប៉ូឡូញ ខណៈជម្លោះរវាងប្លុក និងទីក្រុង Minsk ផ្ទុះឡើង។

លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខបាននិយាយថា ទណ្ឌកម្មនឹងដាក់គោលដៅបុគ្គល និងអង្គភាពមួយចំនួន ចំពោះការសម្របសម្រួលការឆ្លងកាត់ព្រំដែនខុសច្បាប់ចូលទៅក្នុងសហភាពអឺរ៉ុប។ ប្រទេសប៉ូឡូញ និងសមាជិកសហភាពអឺរ៉ុបផ្សេងទៀតបានចោទប្រកាន់បេឡារុសថា បានលើកទឹកចិត្តប្រជាជនឱ្យឆ្លងកាត់ព្រំដែនចូលប្រទេសប៉ូឡូញ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់បណ្ដាប្រទេសលោកខាងលិចមកលើទីក្រុង Minsk ជុំវិញការបោះឆ្នោតកាលពីខែសីហា ឆ្នាំ២០២០ ដ៏ចម្រូងចម្រាសដែលបានផ្តល់ឱ្យប្រធានាធិបតីដ៏យូរលោក Lukashenko ឡើងកាន់អាណត្តិទី៦ និងបង្កឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំ។
ទីក្រុង Minsk បានទាត់ចោលការចោទប្រកាន់នេះ ហើយបានគំរាមសងសឹកប្រឆាំងនឹងវិធានការថ្មីណាមួយ រួមទាំងការបិទការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេងដែលរត់កាត់បេឡារុស។ ដោយឡែកការិយាល័យរបស់ប្រធានាធិបតីបារាំងបាននិយាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទថា ភាពតានតឹងនៅព្រំដែនប៉ូឡូញ-បេឡារុស ជាទីដែលក្រុមជនអន្តោប្រវេសន៍បាននឹងកំពុងកើនឡើងច្រើននោះ ត្រូវតែត្រូវបានកាត់បន្ថយ៕
អត្ថបទ៖ សុខមាន