អាជ្ញាធរសុខាភិបាល កាលពីថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ចំនួននៃករណីជំងឺអេបូឡា នៅក្នុងប្រទេសអ៊ូហ្គង់ដា បានកើនឡើងដល់ ៩នាក់ ហើយមនុស្ស ២៦៥នាក់ផ្សេងទៀត កំពុងត្រូវបានត្រួតពិនិត្យ ក្រោមការដាក់ឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ។
អ្នកជំងឺទាំង ៩នាក់នោះ រួមមានទាងជនរងគ្រោះទី១ ជាគិលានុបដ្ឋាក ដែលបានស្លាប់ នៅមួយថ្ងៃមុនការផ្ទុះឡើងនូវមេរោគឆ្លងនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី៣០ ខែមករា។ បុរសនោះនៅតែជាអ្នកស្លាប់ម្នាក់គត់ ដោយសារជំងឺនេះ។
គួរបញ្ជាក់ថា អេបូឡា គឺជាវីរុសមួយ ក្នុងចំណោមវីរុសបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សបំផុតដែលនៅតែសកម្ម ចាប់តាំងពីវាមានវត្តមានដំបូង ដោយបាននាំឲ្យមានការឆ្លើយតបជាបន្ទាន់ពីអង្គការសុខភាពទូទាំងពិភពលោក អំឡុងពេលមានការផ្ទុះឡើង។
សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺ ៨នាក់ «កំពុងទទួលបានការថែទាំសុខភាព ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព»។
ក្រសួងបានឲ្យដឹងទៀតថា មនុស្ស ៧នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាធារណៈដ៏ធំ នៅ Kampala រដ្ឋធានីរបស់ប្រទេសអ៊ូហ្គង់ដា ហើយម្នាក់ទៀតត្រូវបានព្យាបាល នៅទីក្រុង Mbale ភាគខាងកើត។ ក្រសួងបានបន្ថែមថា អំឡុងពេលមានការតាមដានយ៉ាងដិតដល់ «ស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រងបាន»។
គិលានុបដ្ឋាក ដែលបានបាត់បង់ជីវិតនោះ បានស្វែងរកការព្យាបាលដំបូង នៅទីក្រុង Kampala ហើយក្រោយមកបានធ្វើដំណើរទៅកាន់ទីក្រុង Mbale ជាកន្លែងដែលរូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាធារណៈ។ អាជ្ញាធរសុខាភិបាល បានប្រាប់ថា បុរសនោះក៏ស្វែងរកសេវាព្យាបាលតាមបែបប្រពៃណីដែរ។ សាច់ញាតិរបស់គេ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានព្យាបាលជំងឺអេបូឡា៕