លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី នៅថ្ងៃពុធ (ទី១២ ខែកុម្ភៈ) នេះ បានច្រានចោលសំណើរបស់ទីក្រុងគីវ ដោយចាត់ទុកថា ជារឿង «មិនសមហេតុសមផល» នោះឡើយ ក្នុងការដោះដូរដែនដីរុស្ស៊ីដែលខ្លួនកាន់កាប់ ជាថ្នូរនឹងតំបន់ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ នៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រាប់សារព័ត៌មាន Guardian ថា លោកមានគម្រោងផ្ដល់ជូនរុស្ស៊ីនូវសំណើដោះដូរដែនដីដោយត្រង់ៗ ដើម្បីជួយនាំទៅដល់ការបញ្ចប់សង្រ្គាម។
លោក Medvedev ដែលបានធ្វើតួនាទីជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ ២០០៨-២០១២ បាននិយាយថា ប្រទេសរុស្ស៊ី បានបង្ហាញថា ខ្លួនអាចសម្រេចបាន «សន្តិភាពតាមរយៈកម្លាំង» ក្នុងនោះរួមទាំងតាមរយៈការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលបានវាយប្រហារទីក្រុងគីវ នៅថ្ងៃពុធនេះ។
គួរបញ្ជាក់ថា យោងតាមផែនទីប្រភពបើកចំហនៃសមរភូមិ បានបង្ហាញថា ប្រទេសរុស្ស៊ីគ្រប់គ្រងជិត ២០ភាគរយនៃដែនដីរបស់អ៊ុយក្រែន ឬច្រើនជាង ១១២.០០០គីឡូម៉ែត្រការ៉េ ខណៈដែលអ៊ុយក្រែនគ្រប់គ្រងប្រមាណជា ៤៥០គីឡូម៉ែត្រការ៉េនៃតំបន់ Kursk នៅភាគខាងលិចរបស់រុស្ស៊ី៕


