សភាក្រិក បានបោះឆ្នោតជ្រើសរើសអតីតប្រធានសភា គឺលោក Constantine Tassoulas ជាប្រធានាធិបតីរបស់ប្រទេស នៅថ្ងៃពុធ (ទី១២ ខែកុម្ភៈ) នេះ ដោយបានអនុម័តយល់ព្រមទទួលយកបេក្ខជនរបស់រដ្ឋាភិបាលអភិរក្សនិយម សម្រាប់តួនាទីដ៏សំខាន់នេះ។
ការសម្រេចតែងតាំងនេះ បានបង្កឲ្យមានកំហឹងក្នុងចំណោមក្រុមបាតុករដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅសភា កាលពីខែមុន ដើម្បីស្វែងរកយុត្តិធម៌ ជុំវិញឧបទ្ទវហេតុរថភ្លើងបណ្ដាលឲ្យមានមនុស្សស្លាប់ កាលពីឆ្នាំ២០២៣។ ពួកគេនិយាយថា តាមរយៈការតាមមើលលោក Tassoulas ពេលកាន់តំណែងជាប្រធានសភា សមាជិកសភា បានបរាជ័យក្នុងការស៊ើបអង្កេតលើការទទួលខុសត្រូវផ្នែកនយោបាយណាមួយ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតរបស់ប្រទេសក្រិក។
២ឆ្នាំក្រោយមក ការស៊ើបអង្កេតរបស់តុលាការ នៅតែដំណើរការដដែល។ ហើយសភា គឺជាស្ថាប័នតែមួយគត់ដែលអាចស៊ើបអង្កេតអ្នកនយោបាយ នៅក្រោមច្បាប់ក្រិក។
លោក Tassoula វ័យ ៦៦ឆ្នាំ ជាមេធាវី ដែលធ្លាប់ធ្វើជាសមាជិកសភាតាំងពីឆ្នាំ២០០០ ហើយធ្លាប់ធ្វើជារដ្ឋមន្ត្រីវប្បធម៌ និងជាអនុរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសក្រិក បានទទួលបានការគាំទ្រពីសមាជិកសភាចំនួន ១៦០សំឡេង អំឡុងការបោះឆ្នោត នាថ្ងៃពុធនេះ នៅក្នុងសភាដែលមាន ៣០០អាសនៈ។
លោកនឹងឡើងកាន់តំណែងបន្តពីលោកស្រី Katerina Sakellaropoulou ជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសក្រិក ដែលអាណត្តិ ៥ឆ្នាំរបស់លោកស្រី នឹងបញ្ចប់នៅខែមីនា៕