សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី១២ ខែកុម្ភៈ) នេះ បានឲ្យដឹងថា គណៈកម្មការអឺរ៉ុប នឹងស្នើទិសដៅអាកាសធាតុថ្មី នៅត្រីមាសនេះ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅអឺរ៉ុប ត្រឹមឆ្នាំ២០៤០។
កម្មវិធីការងាររបស់គណៈកម្មាការ ដែលបានចេញផ្សាយ នៅថ្ងៃពុធនេះ បានអះអាងថា EU នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីអាកាសធាតុរបស់ខ្លួន ក្នុងត្រីមាសនេះ ជាចំណាត់ការគ្រោងទុកជាយូរមកហើយ ដែលនឹងកំណត់គោលដៅឆ្នាំ២០៤០ ដើម្បីធ្វើឲ្យបណ្ដាប្រទេសអឺរ៉ុបនៅតែស្ថិតលើផ្លូវ សម្រាប់គោលបំណងរបស់ខ្លួន ដែលចង់ទទួលបានការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ ត្រឹមឆ្នាំ២០៥០។
គណៈកម្មការបានប្រាប់ថា ខ្លួនមានបំណងស្នើឲ្យបណ្តាប្រទេសសហភាពអឺរ៉ុប រួមគ្នាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ពួកគេចំនួន ៩០ភាគរយ ត្រឹមឆ្នាំ២០៤០ ពោលគឺពីកម្រិតនៅឆ្នាំ១៩៩០។ សហភាពអឺរ៉ុប បានប្ដេជ្ញាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៥៥ភាគរយ ត្រឹមឆ្នាំ២០៣០។
គោលដៅអាកាសធាតុឆ្នាំ២០៤០ ក៏នឹងត្រូវបានប្រើផងដែរ ដើម្បីកំណត់គោលដៅឆ្នាំ២០៣៥ ដែលប្រទេសទាំងអស់ ត្រូវដាក់ជូនអង្គការសហប្រជាជាតិនៅឆ្នាំនេះ ជាការរួមចំណែករបស់ជាតិ ចំពោះកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស៕