ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ឡើងវិញពីផែនការជំរុញរបស់លោកឲ្យទីក្រុងវ៉ាស៊ីនតោនគ្រប់គ្រងតំបន់ហ្កាហ្សាស្រ្ទីប និងបំលាស់ទីជនប៉ាឡេស្ទីនជាង ២លាននាក់ទៅកាន់កន្លែងផ្សេង ពេលដែលលោកជួបព្រះមហាក្សត្រហ៊្សកដានី គឺព្រះម្ចាស់ Abdullah នៅឯសេតវិមាន ។
កាលពីមុនលោក Trump ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកនឹងទិញយកតំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្តែកាលពីថ្ងៃអង្គារលោកប្រើពាក្យពេចន៍ស្រាលជាងមុន ដោយគ្រាន់តែនិយាយថា សហរដ្ឋអាមេរិកអាចនឹងត្រូវការតំបន់ហ្កាហ្សា ។
លោកនិយាយថា ពួកយើងនឹងមិនត្រូវទិញយកនោះទេ ។ ពួកយើងនឹងមានតំបន់ហ្កាហ្សា ។ ពួកយើងមិនត្រូវការទិញនោះទេ ។ គ្មានអ្វីត្រូវទិញនោះទេ ពួកយើងនឹងមានតំបន់ហ្កាហ្សា ។
លោក Trumpបានលើកឡើងថា លោកនឹងផ្អិបចោលជំនួយដល់ហ៊្សកដានី អេហ្ស៊ីប ឬប្រទេសអារ៉ាប់ផ្សេងទៀត បើសិនជាពួកគេមិនយល់ព្រមទទួលយកមនុស្សពីតំបន់ហ្កាហ្សា ។ លោកថា លោកមិនគំរាមនោះទេ តែលោកពិតជាជឿថា ពួកយើងនៅពីលើគេរួចទៅហើយ ។
ដោយឡែក ព្រះអង្គម្ចាស់ Abdullah ត្រូវបានគេសួរម្តងហើយម្តងទៀតពីផែនការរបស់លោក Trumpក្នុងការធ្វើតំបន់មជ្ឈិមបូព៌ាឡើងវិញ ប៉ុន្តែព្រះអង្គពុំបានធ្វើសេចក្តីអត្ថាធិប្បាយលើគំនិតថាតើប្រទេសរបស់ទ្រង់អាចទទួលយកចំនួនជនភៀសខ្លួនដ៏ច្រើនពីតំបន់ហ្កាហ្សានោះទេ ។
ព្រះអង្គម្ចាស់ Abdullahគ្រាន់តែមានព្រះបន្ទូលថា ហ៊្សកដានី នឹងទទួលយកកុមារមានជំងឺមហារីក និងអ្នកមានបញ្ហាសុខភាពផ្សេងទៀត ប្រហែល ២ពាន់នាក់ ៕