នៅថ្ងៃពុធនេះ រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម បានឈរនៅលើកំពូលតារាងសម្រាប់កង្វក់បរិយាកាសនៅក្នុងចំណោមទីក្រុងជាច្រើនទៀតរបស់សកលលោក ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារ iQair គឺជាសេវាកម្មត្រួតពិនិត្យគុណភាពខ្យល់ឈានមុខគេដែលបានតាមដាន និងផ្តល់កម្រិតកង្វក់បរិយាកាសដោយប្រើប្រាស់សន្ទស្សន៍គុណភាពខ្យល់ AQI ។
ស្របពេលដែលផ្សែងអ័ព្ទនៅមាន អ្នកស្រុក និងភ្ញៀវទេសចរ បានបង្ហាញក្តីកង្វល់របស់ពួកគេ និងការខកចិត្តចំពោះគុណភាពខ្យល់ដ៏គ្រោះថ្នាក់នេះ ។
លោក Tran Tuan Anh វ័យ ២៩ឆ្នាំ គឺជាភ្ញៀវទេសចរមួយរូបពាក់ម៉ាស់គ្រប់ពេល អំឡុងមកទស្សនាទីក្រុងហាណូយ និយាយថា វាពិតជាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់លោក បើសិនជាលោករស់នៅទីនេះ នៅទីក្រុងហាណូយ ។ មាននូវរថយន្តច្រើនណាស់លើដងផ្លូវ ក្នុងពេលតែមួយ ។
ជាមួយនឹងពលរដ្ឋជិត ៩លាននាក់ និងរថយន្តចុះបញ្ជីជាង ៨លានគ្រឿង ទីក្រុងហាណូយ ប្រឈមកង្វក់បរិយាកាសខ្លាំង ដែលកាន់តែធ្ងន់ធ្ងរទៅដោយសារការដុតកាកសំណល់កសិកម្ម និងកាកសំណល់គ្រួសារ ក៏ដូចជាការបំភាយឧស្ម័នពីសកម្មភាពឧស្សាហកម្ម និងសំណង់ ៕