ពលរដ្ឋរស់នៅក្នុងតំបន់ហ្កាហ្សា សង្ឃឹមយ៉ាងមុតមាំថានឹងមានការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមជីវពលហាម៉ាស់ និងអ៊ីស្រាអែល ក្រោយជួបផលវិបាកកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ ដោយពួកគេនិយាយថា ពួកគេមិនអាចស៊ូទ្រាំនឹងសង្រ្គាមបន្តទៀតបានទេ ។
លោក Lotfy Abu Taha គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Rafah ដែលទើបវិលត្រឡប់មកផ្ទះរបស់លោកវិញ ក្រោយជម្លៀសខ្លួន ៧លើកអំឡុងសង្រ្គាមហ្កាហ្សានោះ និយាយថា ចាប់តាំងពីពួកយើងឮដំណឹងមួយនេះ ស្តីពីលោក Netanyahu និងលោក Abu Obaida ដែលជាអ្នកនាំពាក្យក្រុមហាម៉ាស់ ពួកយើងបាក់ទឹកចិត្តតែម្តង ។ ដែនដីទាំងមូល ត្រូវបានរង្គោះរង្គើរ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លទ្ធផលនឹងមិនអាចព្យាករណ៍ទុកបាន បើសិនក្រុមហាម៉ាស់មិនឈានដល់ឱសានវាទ ដោយលោកមិនគិតថា ក្រុមជីវពលប៉ាឡេស្ទីននឹងធ្វើបែបហ្នឹងនោះទេ ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហាម៉ាស់ និយាយថា ពួកគេនឹងឈប់ដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលពីតំបន់ហ្កាហ្សា រហូតដល់មានការជូនដំណឹងបន្ថែមទៀត ដោយពួកគេបញ្ជាក់ថា អ៊ីស្រាអែលបានបំពានកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការវាយប្រហារដែលបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា ។
ក្រោយមកលោក Trump ស្នើសុំឲ្យលុបចោលបទឈប់បាញ់ បើសិនជាក្រុមហាមម៉ាស់មិនព្រមដោះលែងចំណាប់ថ្នូរនៅសេសសល់ទាំងអស់ទេនោះ ត្រឹមថ្ងៃសៅរ៍ខាងមុខនេះ ៕