បាល់ទាត់៖ ខណៈដែលការប្រកួតបាល់ទាត់លីគលំដាប់ទី២ នឹងចូលមកដល់ឆាប់ៗខាងមុខនេះ ក្រុមនីមួយៗបានត្រៀមលក្ខណៈយ៉ាងល្អ ក្នុងនោះខេត្តកោះកុងបានចាត់ទុកការប្រកួតជាមួយព្រះខ័នរាជស្វាយរៀងកន្លងទៅនេះ ជាការត្រៀមខ្លួនដ៏ល្អ និងដកស្រង់បច្ចេកទេស។

លោក ហុក សុជីវ័ន្ត គ្រូបង្គោលក្លិបកោះកុង មុនការប្រកួតជាមួយម្ចាស់ពានរង្វាន់សម្តេចតេជោ ៤សម័យព្រះខ័នរាជស្វាយរៀងបានលើកឡើងថា នេះជាការប្រកួតដកស្រង់បទពិសោធន៍បច្ចេកទេសដ៏ល្អ សម្រាប់លេងលីគលំដាប់ទី២ ខាងមុខនេះ។ ខេត្តកោះកុងឡើងជួបព្រះខ័នរាជស្វាយរៀងវគ្គ ១៦ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិក្នុងនាមជាក្រុមជើងឯកថ្នាកខេត្ត ប៉ុន្តែធ្លាក់បន្ទាប់ពីចាញ់ក្នុងលទ្ធផល ១ទល់នឹង៦។ តាមការគ្រោងទុកលីគលំដាប់ទី២ នឹងដំណើរការប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកាតទៅ។ រដូវកាលមុនកោះកុងបញ្ចប់នៅចំណាត់ថ្នាក់លេខ៨ លីគលំដាប់ទី២ ក្រោយ ៨ប្រកួតរកបាន ៩ពិន្ទុ៕
អត្ថបទ៖ គង់ ហួន