អង្គការសហប្រជាជាតិ(UN) និយាយនៅថ្ងៃពុធនេះថា អតីតរដ្ឋាភិបាលបង់ក្លាដែសនៅពីក្រោយការវាយប្រហារ និងសម្លាប់ជាប្រព័ន្ធលើក្រុមបាតុករ ពេលដែលពួកគេកាន់អំណាចកាលពីឆ្នាំមុន ដោយពួកគេព្រមានថា ការបំពានបែបនេះ អាចរាប់បញ្ចូលថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
UN និយាយថា មុនពេលលោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasina ត្រូវបានផ្តួលរំលំនៅក្នុងបដិវត្តន៍ដឹកនាំដោយក្រុមនិស្សិតកាលពីខែសីហាឆ្នាំមុន រដ្ឋាភិបាលរបស់លោកស្រីបានត្រួតត្រាការបោសសម្អាតជាប្រព័ន្ធលើក្រុមបាតុករ រួមទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការមនុស្សរាប់រយនាក់ ។
នៅក្នុងការរកឃើញរបស់ពួកគេចន្លោះថ្ងៃទី ១ ខែកក្កដា និងថ្ងៃទី ១៥ខែសីហា ក្នុងហេតុការណ៍នៅបង់ក្លាដែស ការិយាល័យសិទ្ធិមនុស្សរបស់ UN បាននិយាយថា ពួកគេមានភស្តុតាងដែលជឿថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការធ្វើទារុណកម្ម ការដាក់ពន្ធនាគារ និងការប្រព្រឹត្តអំពើអមនុស្សធម៌ផ្សេងទៀត បានកើតឡើង ។
លោកស្រី Hasina ដែលរត់ភៀសខ្លួននិរទេសទៅកាន់ប្រទេសជិតខាងឥណ្ឌា បានជំទាស់នឹងដីកាចាប់ខ្លួនរួចហើយទៅហើយ ដើម្បីប្រឈមនឹងការកាត់ទោសក្នុងប្រទេសបង់ក្លាដែសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ៕