ប៉េតង់៖ ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ កីឡាការិនី អ៊ុក ស្រីមុំ និងមិត្តរួមក្រុមព្រមទាំងគ្រូបង្វឹកនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីដណ្តើមបានមេដាយមាសពីការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ២០២១ នៅប្រទេសអេស្ប៉ាញ់លើវិញ្ញាសាវាយយកពិន្ទុក្រោយឈ្នះកីឡាការិនីថៃ ៣៧ទល់២៩។

ជាលើកទី១ របស់កីឡាការិនីកម្ពុជារូបនេះ ដែលឈ្នះមេដាយមាសលំដាប់ពិភពលោកលើវិញ្ញាសាវាយយកពិន្ទុ ប៉ុន្តែជាមេដាយមាសពិភពលោកទី២ បន្ទាប់ពីដណ្តើមបាននៅបែលហ្ស៊ិកឆ្នាំ២០១៧ លើវិញ្ញសាឯកត្តជននារី។ មេដាយមាសរបស់កីឡាការិនី អ៊ុក ស្រីមុំ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាប៉េតង់លើវិញ្ញាសាវាយយកពិន្ទុ គ្មានប្រទេសណាធ្វើបានដោយឈ្នះមេដាយមាស ៥សម័យកាលជាប់គ្នាក្នុងនោះវីរកីឡាការិនី កែ ឡេង ធ្វើបាននាឆ្នាំ២០១៣ នៅបារាំង, ២០១៥ នៅថៃ, ២០១៧ នៅចិន និង២០១៩នៅកម្ពុជា។ ចំនែកការប្រកួតវិញ្ញាសា ៣ទល់៣ កម្ពុជាអស់ឱកាសដោយធ្លាក់ត្រឹមវគ្គ ១/៤ ផ្តាច់ព្រ័ត្រក្រោយចាញ់ទុយនីស៊ី។ ឯក្រុមកីឡាករប៉េតង់កម្ពុជាត្រូវទៅចូលរួមការប្រកួតជើងឯកពិភពលោកដែរនោះ ចាកចេញទៅកាន់ប្រទេសអេស្ប៉ាញថ្ងៃទី១៦ ខែវិច្ឆិកានេះដែរ៕
អត្ថបទ៖ គង់ ហួន