ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃពុធ (១២ កុុម្ភៈ) ថា លោកនឹងដំឡើងពន្ធទៅវិញទៅមកភ្លាមៗឆាប់ៗនេះ លើគ្រប់ប្រទេសដែលគិតពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិក នៅក្នុងសកម្មភាពដែលបង្កើនការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែរីករាលដាលយ៉ាងក្ដៅគគុក និងគំរាមកំហែងដល់ការបង្កើនល្បឿនអតិផរណារបស់សហរដ្ឋអាមេរិក។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា "លោកអាចដាក់ចេញក្រឹត្យដំឡើងពន្ធនៅពេលល្ងាច ឬនៅព្រឹកស្អែក ប៉ុន្តែលោកប្រាកដណាស់ថានឹងចុះហត្ថលេខាលើពន្ធគយទៅវិញទៅមកនោះ"។ ការដំឡើងពន្ធលើទីផ្សារជុំចុងក្រោយរបស់លោក Trump កើតឡើងស្របពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងនឹងធ្វើទស្សនកិច្ចនៅសេតវិមាននៅថ្ងៃព្រហស្បតិ៍ (១៣ កុម្ភៈ) នេះ ខណៈរដ្ឋបាលលោក Trump ត្អូញត្អែរថា ឥណ្ឌាយកពន្ធខ្ពស់លើការនាំចូលរបស់អាមេរិក។

ប្រធានសភាតំណាងរាស្រ្តអាមេរិកមកពីបក្សសាធារណរដ្ឋ លោក Mike Johnson បាននិយាយថា លោកជឿថា លោក Trump កំពុងពិចារណាលើការលើកលែង ដែលនឹងរួមបញ្ចូលឧស្សាហកម្មរថយន្ត និងឱសថ ក្នុងចំណោមឧស្សាហកម្មដទៃទៀត ប៉ុន្តែបានព្រមានថា លោកមិនប្រាកដចិត្តទេ។

សេដ្ឋវិទូជាច្រើនមើលឃើញថា ការដំឡើងពន្ធជាហានិភ័យបញ្ឆេះអតិផរណា ហើយទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះបានបង្ហាញថា តម្លៃទំនិញប្រើប្រាស់បានកើនឡើងច្រើនបំផុតក្នុងខែមករា ក្នុងរយៈពេលជិត ១ឆ្នាំកន្លះមកនេះ៕