មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ ថា កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌នៅភាគខាងកើតប្រទេសកុងហ្គោ ត្រូវបានរារាំងយ៉ាងខ្លាំងដោយការចូលលួច និងការបិទអាកាសយានដ្ឋានទីក្រុងហ្គោម៉ា ខណៈក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេសប្រទេសរ៉្វាន់ដា បន្តការរុលចូលទៅមុខ។

លោក Bruno Lemarquis អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសកុងហ្គោ បានរាយការណ៍ថា ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ស្បៀងអាហារ និងសម្ភារៈសំខាន់ៗផ្សេងទៀតមានតម្លៃរាប់លានដុល្លារ ត្រូវបានចូលលួចចេញពីឃ្លាំងផ្ទុកជំនួយមនុស្សធម៌។

លោក Lemarquis បាននិយាយថា «ទាំងនេះ គឺជាការផ្គត់ផ្គង់ដែលអង្គការរមនុស្សធម៌ត្រូវការបន្ទាន់នៅពេលនេះ ប៉ុន្តែវាលែងមាននៅក្នុងឃ្លាំងទៀតហើយ»។
ការបិទអាកាសយានដ្ឋានទីក្រុង Goma ចាប់តាំងពីក្រុមឧទ្ទាម M23 ដណ្តើមបានទីក្រុងនេះ កាលពីចុងខែមករា បានធ្វើឱ្យស្មុគស្មាញបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ។
លោក Lemarquis បាននិយាយបន្ថែមថា «សម្រាប់ពួកយើង អាកាសយានដ្ឋានគឺជាខ្សែជីវិត។ វាត្រូវតែបើកឡើងវិញ»។
កងកម្លាំង M23 បច្ចុប្បន្ននេះកំពុងគំរាមកំហែងនៅក្រុង Bukavu ជាទីរួមខេត្ត Kivu ខាងត្បូង។
ប្រភពរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ក្រុមឧទ្ទាមបានដណ្តើមកាន់កាប់ក្រុង Ihusi ជាក្រុងមួយនៅចន្លោះទីក្រុង Goma និងទីរួមខេត្ត Bukavu។
លោក Lemarquis ក៏បានព្រមានអំពីវិបត្តិមូលនិធិដែលកំពុងខិតជិតមកដល់ផងដែរ ដោយប្រទេសកុងហ្គោ ពឹងផ្អែកយ៉ាងខ្លាំងលើជំនួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានកាត់ នាពេលថ្មីៗនេះ។