អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធថា ការផ្អាកការផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក កំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពសកល ដោយដាក់សម្ពាធលើកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនស្វិតដៃជើង មេរោគអេដស៍ និងការគំរាមកំហែងនៃជំងឺផ្សេងៗទៀត។

លោក Tedros បានជំរុញឱ្យសហរដ្ឋអាមេរិក ពិចារណាលើការបន្តផ្តល់មូលនិធិជំនួយ រហូតដល់ដំណោះស្រាយអាចត្រូវបានរកឃើញ។ លោក Tedros បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមបណ្តាញអ៊ីនធឺណិតពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «មានចំណាត់ការជាច្រើន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងអនុវត្ត ខណៈយើងព្រួយបារម្ភថាវាកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសកល»។
កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយមេរោគអេដស៍ ជំងឺស្វិតដៃជើង ជំងឺអុតស្វា(mpox) និងជំងឺគ្រុនផ្តាសាយបក្សី ទាំងអស់នេះ បានរងផលប៉ះពាល់ដោយការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាមេរិកដែលបានអនុវត្តដោយប្រធានាធិបតី លោក Trump កាលពីខែមុន ភ្លាមៗក្រោយលោកចូលកាន់តំណែង ខណៈកម្មវិធីនានាត្រូវបានពិនិត្យឡើងវិញ។

លោក Tedros បាននិយាយថា ការផ្អាកការផ្តល់មូលនិធិសម្រាប់ផែនការសង្គ្រោះបន្ទាន់របស់លោកប្រធានាធិបតី សម្រាប់ជំនួយសង្គ្រោះជំងឺអេដស៍ បានបណ្តាលឱ្យមានការបញ្ឈប់ភ្លាមៗចំពោះសេវាព្យាបាលមេរោគអេដស៍ ការធ្វើតេស្ត និងការការពារនៅក្នុងប្រទេសចំនួន៥០ ដែលសហរដ្ឋអាមេរិកផ្តល់ជំនួយ។