អាហ្វហ្គានីស្ថាន៖ អនុរដ្ឋមន្ត្រីសុខាភិបាលអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកាថា វិបត្តិស្បៀងអាហាររបស់ប្រទេសអាហ្វហ្គានីស្ថានគឺជា "កេរដំណែល" នៃរដ្ឋាភិបាលចាស់ ខណៈលោកបានចោទប្រកាន់សហគមន៍អន្តរជាតិថា មិនបានរក្សាការសន្យាផ្តល់ជំនួយរបស់ខ្លួន។

អង្គការសហប្រជាជាតិបានព្រមានថា ប្រជាជនអាហ្វហ្គានីស្ថានប្រហែល ២២លាននាក់ ឬពាក់កណ្តាលប្រទេសប្រឈមនឹងការខ្វះខាតស្បៀងអាហារ "ធ្ងន់ធ្ងរ" នៅក្នុងខែរដូវរងាដោយសារតែផលប៉ះពាល់នៃគ្រោះរាំងស្ងួត ដែលបណ្តាលមកពីការឡើងកំដៅភពផែនដី និងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរចាប់តាំងពីការកាន់កាប់អំណាចរបស់ពួកតាលីបង់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីកាប៊ុល អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Abdul Bari Omar បាននិយាយថា មានបញ្ហាដ៏សំខាន់មួយដែលត្រូវបានបន្សល់ទុកជាកេរដំណែលបន្តពីអតីតរបបនេះ ហើយនោះគឺជាកង្វះអាហារូបត្ថម្ភ។ លោកបានលើកឡើងពីតួលេខរបស់កម្មវិធីស្បៀងអាហារពិភពលោកដែលបង្ហាញថា កុមារអាហ្វហ្គានីស្ថានចំនួន ៣.២លាននាក់ដែលមានអាយុក្រោម ៥ឆ្នាំនឹងត្រូវខ្វះខាតអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរនៅចុងឆ្នាំនេះ ហើយបាននិយាយថា រដ្ឋាភិបាលមុនដែលគាំទ្រដោយសហរដ្ឋអាមេរិកមិនបានធ្វើគ្រប់គ្រាន់ ដើម្បីបញ្ចៀសគ្រោះមហន្តរាយនោះទេ។
ម្ចាស់ជំនួយបរទេស និងអង្គការមិនមែនរដ្ឋាភិបាលបានផ្តល់ហិរញ្ញវត្ថុគ្រប់បែបយ៉ាង។ លោកបានបន្តទៀតថា គ្មានរោងចក្រត្រូវបានសាងសង់ទេ ធនធានក្នុងស្រុកមិនត្រូវបានប្រើប្រាស់។ អង្គការស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបាននិយាយថា ជាសរុបមនុស្សជិត ២៤លាននាក់នៅអាហ្វហ្គានីស្ថាន ឬ ៦០% នៃចំនួនប្រជាជនធ្លាក់ក្នុងគ្រោះអត់ឃ្លានធ្ងន់ធ្ងរ ហើយកម្មវិធីស្បៀងអាហារពិភពលោកបានព្រមានថា នៅដំណាច់ឆ្នាំនេះពលរដ្ឋអាហ្វហ្គានីស្ថាន ៩៧% នឹងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕
អត្ថបទ៖ សុខមាន