នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បាននិយាយកាលពីថ្ងៃពុធថា ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពន្ធបន្ថែមលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់កាណាដា នោះប្រជាជនអាមេរិកមួយចំនួននឹងបាត់បង់ការងាររបស់ពួកគេ ហើយកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏នឹងរងផលប៉ះពាល់ផងដែរ។

លោក Trudeau ដោយបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Brussels ក៏បានបញ្ជាក់ជាថ្មីថា ប្រទេសកាណាដា នឹងឆ្លើយតបជាមួយនឹងវិធានការប្រឆាំង ប្រសិនបើចាំបាច់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងគំរាមដំឡើងពន្ធលើដែក និងអាលុយមីញ៉ូម ព្រមទាំងដាក់ពន្ធបន្ថែមដ៏ទូលំទូលាយលើការនាំចូលទាំងអស់ពីប្រទេសកាណាដា។

ក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់លោក លោក Trump បានដាក់ពន្ធបន្ថែមលើដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសកាណាដា។ លោក Trudeau បាននិយាយថាចំណាត់ការទាំងនេះ បាត់បង់ការងារចំនួន៧៥.០០០កន្លែងនៅសហរដ្ឋអាមេរិក កាលពីពេលនោះ។
លោកបាននិយាយថា «យើងកំពុងបង្ហាញការពិត ដែលថា ការបាត់បង់ការងារ ជាការបាត់បង់ដ៏សំខាន់នៅក្នុងសហរដ្ឋអាមេរិក ចុងក្រោយដែលពួកគេបាននាំមកដោយការដំឡើងពន្ធ ហើយនេះ ពិតជានឹងធ្វើឱ្យប៉ះពាល់ដល់កំណើន និងវិបុលភាពនៅក្នុងសហរដ្ឋអាមេរិក»។
លោក Trump និយាយថា វិធានការនេះនឹងជួយដល់ឧស្សាហកម្មដែលកំពុងជួបការលំបាក នៅក្នុងសហរដ្ឋអាមេរិក។ ប្រហែលពាក់កណ្តាលនៃអាលុយមីញ៉ូមទាំងអស់ដែលប្រើប្រាស់នៅសហរដ្ឋអាមេរិក ត្រូវបាននាំចូល ដោយភាគច្រើនមកពីប្រទេសកាណាដា។