វិទ្យាស្ថាន Think Tank របស់អង់គ្លេស បាននិយាយថា ការចំណាយលើវិស័យការពារជាតិជាសកលកាលពីឆ្នាំ២០២៤ បានឈានដល់ចំនួនខ្ពស់បំផុតមិនធ្លាប់មាន ខណៈការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែននៅតែបន្ត។

វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានចេញផ្សាយរបាយការណ៍តុល្យភាពយោធាប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃពុធ។

វិទ្យាស្ថាននិយាយថា ការចំណាយលើវិស័យការពារជាតិសកល បានកើនឡើងដល់ ២,៤៦កោដិ៍ ដុល្លារក្នុងឆ្នាំ២០២៤ កើនឡើង៧,៤ភាគរយ បើប្រៀធៀបទៅនឹងឆ្នាំមុន។ របាយការណ៍នេះ និយាយថា សហរដ្ឋអាមេរិក បានចំណាយ ៩៦៨ ពាន់លានដុល្លារ ស្មើនឹងជិត៤០ភាគរយនៃចំនួនសរុប បន្ទាប់មកគឺប្រទេសចិនមានចំនួន ២៣៥ ពាន់លានដុល្លារ ហើយរុស្ស៊ីមានចំនួន ១៤៥,៩ ពាន់លានដុល្លារ។
បណ្តាប្រទេសនៅអឺរ៉ុបជាច្រើន បានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ក្នុងពេលមានការឈ្លានពានដែលបានអូសបន្លាយពេលរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការចំណាយរបស់ប្រទេសអាល្លឺម៉ង់ បានកើនឡើងជាង២៣ភាគរយពីឆ្នាំមុន ដល់៨៥,៩ពាន់លានដុល្លារ ជាចំនួនច្រើនបំផុតទី៤ របស់ពិភពលោក។
អ៊ុយក្រែន ស្ថិតនៅលំដាប់លេខរៀងទី១៤ មានចំនួន២៨,៤ ពាន់លានដុល្លារ។ ចំនួននេះ មាន១៥,៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ជាអត្រាខ្ពស់បំផុតនៅក្នុងពិភពលោក។
ការចំណាយរបស់ប្រទេសជប៉ុន មានចំនួនច្រើនបំផុតទី៩ មានចំនួន៥៣ពាន់លានដុល្លារ។
វាក៏ត្រូវបានចង្អុលបង្ហាញផងដែរថា ការចំណាយលើវិស័យការពារជាតិរបស់ចិន មានចំនួន៤៤ ភាគរយនៃចំនួនសរុបរបស់អាស៊ី ហើយប្រទេសនេះកំពុងជំរុញឱ្យមានការរៀបចំឡើងវិញ និងការធ្វើទំនើបកម្មយោធារបស់ខ្លួន ខណៈការធ្វើទំនើបកម្ម រួមមានទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI)។
ប្រទេសកូរ៉េខាងជើង របាយការណ៍បាននិយាយថា ប្រទេសនេះនៅតែបន្តផ្តល់សញ្ញាភាពប្រសើរឡើងនូវសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយត្រូវបានគេព្រួយបារម្ភថា ប្រទេសនេះអាចនៅតែបន្តការសាកល្បងនុយក្លេអ៊ែរ។