និស្សិតទីក្រុងគីវ មានប្រតិកម្មក្នុងភាពប្រយ័ត្នប្រយែង ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងការពារជាតិអ៊ុយក្រែន ដើម្បីចាប់ផ្តើមការជ្រើសរើសទាហានវ័យយុវជន ដោយជំរុញទឹកចិត្តមនុស្សវ័យក្មេងមានអាយុពី១៨ឆ្នាំ ដល់២៤ឆ្នាំ ឱ្យចូលបម្រើក្នុងជួរយោធារយៈពេលមួយឆ្នាំ ដោយទទួលបានប្រាក់ប្រហែល ២៤.០០០ដុល្លារ និងប្រាក់លើកទឹកចិត្តជាច្រើនទៀត។

យុវជន Roman Vitynchuk និស្សិតអាយុ១៨ ឆ្នាំ បានប្រាប់សារព័ត៌មាន Reuters ដោយឆ្លើយថា «ទេ» នៅពេលសួរថាតើ លោកចង់ចុះឈ្មោះដែរឬទេ។
ដោយកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន មានចំនួនតិចជាងទាហានសត្រូវរបស់ខ្លួននៅលើសមរភូមិមុខនៃសង្រ្គាមរយៈពេលជិតបីឆ្នាំមកនេះ ប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយកាលពីសប្តាហ៍មុនថា ការជ្រើសរើសកម្លាំង នឹងចាប់ផ្តើម។

ក្រោមសម្ពាធដើម្បីនាំយកទាហានបន្ថែមទៀតចូលក្នុងជួរកងទ័ព សភារបស់ប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុន បានអនុម័តច្បាប់ថ្មីស្តីពីការកែណ្ឌយោធាដែលបានកាត់បន្ថយអាយុកែណ្ឌកងទ័ពពី២៧ឆ្នាំ ឲ្យមកនៅត្រឹម២៥ឆ្នាំ និងពិន័យសម្រាប់នរណាម្នាក់ដែលគេចវេសពីការកែណ្ឌនេះ។
នៅក្នុងបទសម្ភាសន៍មួយកាលពីខែមុន លោក Zelenskiy បាននិយាយថា អ៊ុយក្រែនមានទាហាន ៩៨០.០០០នាក់នៅក្នុងកងកម្លាំងប្រដាប់អាវុធ។
ទន្ទឹមនឹងនេះ កាលពីឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបង្កើនទំហំកងទ័ពរុស្ស៊ី ពី១៨០.០០០នាក់ ទៅដល់ ១,៥លាននាក់ ជាទាហានសកម្ម។